បូជានីយដ្ឋានដូនពេញ និងឯកសារបុរាណខ្លះៗដែលពាក់ព័ន្ធនិងប្រវត្តិដូនពេញ History of Daun Penh and Related Documentary
ដោយ ៖ សាម៉ន
ថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំ ២០១០
ឯកសារមហាបុរសខ្មែរដែនដីព្រះបាទ ពញាយ៉ាត ពីគ្រិស្ដសករាជ១៣៨២ ដល់គ្រិស្ដសក រាជ១៤២៩
សម្ដេចព្រះ ចៅពញាយ៉ាតឡើងសោយ រាជ្យសម្បត្ដិក្នុងឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ១៩២៦ គ្រិស្ដសករាជ១៣៨២ មហាសករាជ ១៣០៤ ចុល្លសករាជ៧៤៤ ក្នុងព្រះជន្មាយុ ៥១វស្សា ព្រះអង្គទ្រង់ព្រះនាមជាព្រះបាទ សម្ដេចព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិ រាជ ព្រះអង្គទ្រង់ទសពិធរាជធម៌ ទំនុកបំរុង ព្រះពុទ្ធសាសនាណាស់ ។ អាណាប្រជានុ រាស្ដ្រ បានសេចក្ដីសុខឥតសត្រូវរៀងមក ។ លុះដល់មកឆ្នាំថោះ នព្វស័ក ពុទ្ធសករាជ ១៩៣១ គ្រិស្ដសករាជ១៣៨៧ មហាសករាជ ១៣០៩ ចុល្លសករាជ៧៤៩ ព្រះអង្គឋិតនៅ ក្នុងសុវណ្ណរ័តន៍ សិលាមហាប្រាសាទ គិតតាំង ពីព្រះអង្គគ្រងរាជ្យ២ឆ្នាំ សោយរាជ្យ៥ឆ្នាំ ត្រូវជា៧ឆ្នាំ ។ សម័យថ្ងៃមួយ ព្រះអង្គចេញ គង់ក្នុងព្រះរាជរោងរម ព្រមទាំងបរមរាជ វង្សានុវង្ស សេវកាមាត្យសេនាបតី មន្ដ្រីតូចធំ ខ្ញុំរាជការក្រាបបង្គំគាល់ត្រៀបត្រាទើបព្រះអង្គមានព្រះរាជឱង្ការ ត្រាស់ថា “ក្រុងកម្ពុជា មហានគរ ជាគូសត្រូវនឹងក្រុងទេពនគរ តាំង ពីដើមរៀងមក មិនមានស្រុះស្រួលគ្នាឱ្យបាន មាំមួនសោះ ។
ក្រោយមកសៀមកៀរយក គ្រួខ្មែរទៅជាច្រើនខេត្ដ ខេត្ដដែលនៅជា ដែនដីរបស់យើងក៏វាផាត់កៀរគ្រួយកអស់ ទៅជាច្រើនដែរ ។ អាណាប្រជានុរាស្ដ្រ ដែលសល់នៅ ក៏ពុំធួនល្មមនឹងភូមិស្រុកសោះ ។ ប្រជាជនក្នុងមហានគរក៏មានចំនួន តិច ។ បើយើងនឹងគិតលើកទ័ពទៅវាយយក ខេត្ដទាំងនោះមកវិញ ក៏ពុំបានដ្បិតគេតែង តាំង រក្សាបន្ទាយមាំមួនណាស់ជាយូរមក ហើយ ។ ខាងយើងទៀត ក៏យើងទើបនឹងរួច ពីធ្វើសឹកសង្គ្រាម សេនាទាហានក៏កំពុង នឿយហត់ ។ ស្បៀងអាហារក៏ពុំទាន់មានបរិ បូណ៌ ។ បើសៀមលើកមក យើងនឹងយក ខេត្ដណាជារបាំងខាងក្រៅក៏គ្មានដែរ ។ នៅ ក្នុងក្រុងនេះ កំផែងក៏មាននាទីធំទូលាយ តែ ប្រជារាស្ដ្រស្ដើងស្ដួច ពុំធួននឹងការរាជការនៃ ព្រះមហានគរលួងឡើយ ។
បើសៀមដឹង ហើយ នឹងលើកមកយាយីយើង ក៏យើង ពិបាកនឹងទប់ទល់ដែរ ដែលជាទីលំបាកដល់ សមណជីព្រាហ្មណ៍ផង ។ ដូច្នេះគួរតែយើង នឹងថយពីទីនេះទៅតាំងព្រះនគរនៅខេត្ដ បាសានវិញ ទើបគួរ ។ បើសៀមវាលើកមក យើងនឹងបានទ័ពចេញទៅទទួលតាមរយៈ តាមវត្ដ ដោយខេត្ដ ទម្រាំតែទៅដល់ទីក្រុង យើងក៏ល្មមប្រុងប្រៀបសេនាទាហានចេញ ទាន់ មិនបង់ការទេ ។ សេចក្ដីនេះ តើអស់ អ្នករាល់គ្នាយល់ថា ដូចម្ដេច? អស់ខ្ញុំរាជការធំតូច ក្រាបថ្វាយបង្គំទូល ថា “បពិត្រព្រះសម្មតិទេវាវង្ស សេចក្ដីដែល ទ្រង់ព្រះតម្រិះនេះ ឃើញថា គួរដូចព្រះរាជ បរិហារណាស់” ។
ព្រះបរមបពិត្រ ព្រះអង្គទ្រង់ព្រះសណ្ដាប់ អស់មុខមន្ដ្រី យកសេចក្ដីក្រាបបង្គំទូលយ៉ាង នេះហើយ ទើបមានព្រះរាជឱង្ការ ព្រះរាជ ទានព្រះរាជកំណត់ឱ្យអស់សេនាបតី មន្ដ្រី គ្រប់ក្រសួង កេណ្ឌពួកពលករ ទាំងជើងទឹក ទាំងជើងគោក ទៅរៀបចំនាំព្រះរាជទ្រព្យនូវ អស់គ្រូប្រជានុរាស្ដ្រ ទាសកម្មករទាំងអស់ ។ លុះដល់មកឆ្នាំថោះ នព្វស័ក ពុទ្ធសករាជ ១៩៣១ គ្រិស្ដសករាជ១៣៨៧ កាលបាន ឫក្សមង្គលល្អហើយ ព្រះបាទសម្ដេចព្រះបរម បពិត្រ ស្ដេចចេញចាកព្រះមហាប្រាសាទ រតនសីលាមហាឋាន ស្ដេចចុះទៅប្រថាប់លើ ព្រះទីនាំងនាវារាជពាហនៈ ។ ព្រះហោធិបតី គោះគងទូងភីរី ថ្វាយឫក្សរាជព្យុហៈ អគ្គ មហាសេនានិករ ទូកយោង ទូកបោ ពលជើង ទឹកជើងគោក ក៏ស្រែកព្យោមាតាំងហ៊ោយក ជ័យ លើកចេញចាកមហានគរ ភ្នាក់ងារក៏ បើកបាំងមហាស្វេតច្ឆត្រអភិរមរាជ (អភិរម ឬអភិរំ = ឆត្ររួតមានរំភាយដូចក្លស់សំរាប់ ប្រើជាគ្រឿងរុងរឿង ក្នុងក្បួនហែនៃព្រះរាជ ពិធីណាមួយ) សំរាប់ព្រះមហាក្សត្រកំចាត់ ព្រះសូរ្យឆាន ឧត្ដមពណ្ណរាយ ព្រមដោយនូវ ទូកយោង ទូកព្រះសង្ឃ ទូកព្រះរាជវង្ស និង ទូកព្រះទីនាំងអគ្គមហេសីស្រីស្នំព្រហ្មចារី សេនាបតី មន្ដ្រីធំតូច ខ្ញុំព្រះរាជការ អាមាត្យ សេវកាព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិតកវី និងទូក ជំទាវ នាងខុនណាង ហែបណ្ដោយក្រោយ តាមលំដាប់ទៅដោយវិថី ។
លុះទៅដល់ខេត្ដ បាសានហើយ ស្ដេចទ្រង់ត្រាស់បង្គាប់ឱ្យបោះ យុថ្កាគង់នៅកោះបាសាន ឱ្យខ្ញុំព្រះរាជការ តាំងកសាងព្រះរាជនិវេសន៍ព្រះរាជរោង ព្រះ រាជមន្ទីរ និងរោងព្រះរាជរថ រោងសេះដំរី និង កំផែងខ្វាត់ខ្វែង បែរមុខព្រះរាជវាំងទៅខាង កើតយកទន្លេធំមុខព្រះរាជវាំងទុកជាកំពង់ មួយ ។ អស់នាម៉ឺនសព្វមុខមន្ដ្រី អាណាប្រជានុ រាស្ដ្រ ទាសកម្មករ ក៏តាំងសង់រោងសង់ផ្ទះនៅ ទីនោះតែរាល់ខ្លួន ។ លុះរួចស្រេចហើយ ស្ដេចឡើងគង់ក្នុងព្រះរាជវាំងថ្មី តាំងនាម ព្រះនគរ ហៅថា ព្រះវាំងថ្មី ។
នេះនឹងនិយាយពីស្រុកលាវវិញ ក្នុងឆ្នាំមមី សំរឹទ្ធស័ក ពុទ្ធសករាជ១៩២២ គ្រិស្ដសករាជ១៣០០ ចុល្លសករាជ៧៤០ មានទឹកជោរជន់នៅប្រទេសលាវជាធំ ។ ទឹក ហូរខ្លាំងរបេះមាត់ច្រាំងបាក់ដើមគគីរមួយ ធំក្រៃលែង និងដើមគគីរទាំងពួងជាច្រើន ។ ក្នុងដើមគគីរធំនោះមានព្រះ២ព្រះអង្គមាន ព្រះភក្ដ្រឈមជាបួនទិស ជាប់នឹងដើមគគីរ នោះហូរចុះមកទន្ទឹមនឹងព្រែកពាក់ព្រ័ត្រ (ព្រែកពាក់ព័ត្រ គឺព្រែកលៀបសព្វថ្ងៃនេះ) រសាត់ច្រាសទឹកទៅលើ រួចរសាត់បណ្ដោយ ទៅក្រោមវិញ ។ រសាត់ទៅរសាត់មក៧ថ្ងៃ ។ ក្នុងគ្រានោះមានស្ដ្រីម្នាក់ជាអ្នកមានធំ ជាឧបាសិកាក្នុងវត្ដលង្កា ឈ្មោះដូនពេញ ។ កាលដឹងសេចក្ដីនេះហើយ ដូនពេញ ក៏ហៅ បរិវារចុះទូកឆ្លងទៅពិនិត្យមើល ។ លុះ ពិនិត្យទៅឃើញដូចថ្មកែវពីរមានព្រះពីរ ព្រះអង្គជាប់នឹងដើមនោះ ។ ដូនពេញ និង បរិវារនាំគ្នាលើកថ្មកែវនោះចេញពីដើមគគីរ តែលើកមិនរួច ទើបនាំគ្នាអន្ទងយកដើមគគីរ នោះឱ្យមកចតភ្ជាប់នឹងមាត់ច្រាំង រួចបបួល គ្នាលើកថ្មកែវនោះទៀត តែលើកនៅតែពុំ បាន ។
ដូនពេញ និងបរិវារចង់បានព្រះទាំង ពីរព្រះអង្គនោះណាស់ តែលើកអស់ចំណេះ អស់កំលាំងហើយ ទាំងបរិវារនឹងធ្វើការនោះ ក៏ពុំកើត ទើបនៅពិតទូលព្រះថេរ វត្ដព្រះធម្ម លង្កា ព្រះចៅអធិការអង្គនេះ ក៏ទទួលយក អាសា ហើយទៅតាំងពិធី៧ថ្ងៃ យកសរសៃ អំបោះអន្ទងដើមគគីរនោះយោងទៅជាប់នឹងព្រែកបង្កង ។ ខណៈនោះលោកព្រះធម្មលង្កា យកព្រះពុទ្ធរូបនោះបាន ហើយលោកឱ្យព្រះ ដែលមានព្រះភក្ដ្របួននោះមួយអង្គទៅដូន ពេញ ឱ្យនាំមកកោះឫស្សីកែវ (គឺក្រុង ភ្នំពេញយើងសព្វថ្ងៃ) ។ លោកព្រះធម្មលង្កា ទុកមួយព្រះអង្គដើម្បីសាងព្រះអារាមមួយ នៅព្រែកបង្កង ។ ព្រះបួនមុខដែលបានមក ដូនពេញនោះ ហៅថា ព្រះបង ព្រះដែល តម្កល់នៅព្រែកបង្កង ហៅថា ព្រះប្អូន ។
ដូនពេញ តាំងតែពីបានព្រះបួនមុខនោះ មក ក៏តាំងស្ម័គ្រនាំបក្សពួកជិតឆ្ងាយជញ្ជូនដី លើកជាភ្នំ កជាព្រះអារាមមួយតម្កល់ព្រះចតុ មុខនោះ ។ អស់រាស្ដ្រទាំងពួងដឹងឮហើយ ក៏ ចុះចូលមកជួយជញ្ជូនដីនោះជាអចិន្ដ្រៃយ៍ ។ ព្រះបាទបរមបពិត្រពញាយ៉ាត ព្រះអង្គ គង់នៅព្រះរាជវាំងថ្មី ។ ក្នុងគ្រានោះ ទឹកលិច រាជធានីជ្រៅក្រៃលែង ។ អស់ខ្ញុំរាជការ និង ព្រះបរមរាជវង្សានុវង្សមានក្ដីលំបាកជាច្រើន នឹងកសាងជាព្រះនគរពុំបាន ។ លុះទឹកស្រក ក្នុងឆ្នាំនោះអស់ ព្រះបរមបពិត្រ ព្រះអង្គនាំ រាជសេវកាមាត្យមកសាងព្រះរាជវាំងនៅ ភូមិឫស្សីកែវ ។ ទ្រង់ត្រាស់បង្គាប់ចៅពញា តេជោចៅហ្វាយស្រុកខេត្ដសំរោងទង ឱ្យ កេណ្ឌរាស្ដ្រលើកដីទៅចាក់បំពេញក្នុងរាជវាំង ។
ទីដែលចៅពញាតេជោឱ្យរាស្ដ្រជីកដី នោះធំជ្រៅទូលាយណាស់ ទើបបានជាមាន ឈ្មោះហៅថា បឹងតេជោរៀងមក ។ ទ្រង់ ត្រាស់បង្គាប់ចៅពញារាជាមេត្រីផ្លុង ចៅ ហ្វាយស្រុកកោះឫស្សីកែវ (តាមព្រះរាជ ពង្សាវតារ ដែលតម្កល់ទុកនឹងព្រះរាជបណ្ណា ល័យក្រុងភ្នំពេញ មានសេចក្ដីថា ឧកញ៉ាផ្លុង នេះជាចៅហ្វាយស្រុកខេត្ដបាទីដែលមានងារ ជាឧកញ៉ាវង្សាអនុជិតទៅវិញទេ) ឱ្យជីក ព្រែកទំលាយពីបឹងពោងពាយមកកុំឱ្យនៅ ឆេះឆ្អាបស្អុយល្អក់ ។ ព្រោះហេតុនេះហើយ បានជាមានពាក្យហៅថា ព្រែកពាមផ្លុងរៀង មក ។ រួចហើយទ្រង់ត្រាស់ឱ្យធ្វើស្ពានរៀប ផ្លូវក្រាលថ្មល្អស្រេច ទើបទ្រង់តាំងព្រះរាជ ពិធីស្ថាបនាព្រះរាជវាំង សង់ប្រាសាទព្រះរាជ មន្ទីរត្រឡែងកែងខ្វាត់ខ្វែងទាំងក្នុងក្រៅ ព្រមទាំងដំណាក់តូចធំសំរាប់ស្នំ ស្រឹង្គារ ស្រាប់ស្រេច ។
ទ្រង់ឱ្យតាំងមុខព្រះរាជវាំង បែរទៅបូព៌ាទិស ហើយទ្រង់ឱ្យលើកដីទប់ តាំងជាសើនជាបន្ទាយក្រៅទៅទិសឧត្ដរ តាំង ពីមាត់ទន្លេទៅខាងលិច ។ ទ្រង់ឱ្យជីកជាអូរ ជាគូអមប៉មកំផែង ហើយឱ្យលើកបន្ទាយ ព័ទ្ធជាវង់ ខាងទិសបស្ចិម ត្រឹមតែទិស ទក្សិណ ។ ទ្រង់ឱ្យទុកបឹងតេជោជាទីធ្វើស្រែ ក្នុងព្រះនគរ តទៅដល់ទិសនិរតី ហើយកាត់ ត្រង់ទៅឯកើតដល់មាត់ទន្លេត្រឹមព្រែកតា កែវ ។ ទ្រង់ឱ្យលើកដីជាបន្ទាយ តាមឆ្នេរ មាត់ទន្លេ ជាកំផែងព្រះនគរជុំវិញទល់នឹងមុខ ព្រះលាន ។ ឯទីព្រះវិហារទាំងប៉ុន្មាន ទ្រង់ឱ្យបូក កំបោររៀបឥដ្ឋ ព្រមទាំងសាងព្រះវិហារ ចេតិយ កុដិ សាលាបានច្រើន ។ ទ្រង់ឱ្យសាង ខ្លាងមឿងមួយ (ខ្លាងមឿង គឺអ្នកតាចាំស្រុក ។ យើងសព្វថ្ងៃច្រើននិយាយថា ឃ្លាំង មឿង) ឈ្មោះអ្នកតាប្រាជ្ញតាំងនៅជា អាគ្នេយ៍ព្រះរាជវាំង ខាងវត្ដពាមផ្លុង ។
លុះ ស្រេចការហើយ ស្ដេចឡើងគង់លើព្រះរាជ និវេសន៍ថ្មី តាំងនាមទន្លេបួនមុខហៅថា ទន្លេ ចតុមុខ ។ លុះសំរេចការកសាងហើយ ទ្រង់ តាំងប្រទាននាមព្រះនគរជាក្រុងចតុមុខ សកលកម្ពុជាធិបតីជាខត្ដិយាមហានគរ ។ អស់សមណជីព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតី មន្ដ្រី ប្រជានុរាស្ដ្រ និងឈ្មួញជួញប្រែ ក្នុង ក្រៅប្រទេស ក៏ចូលមកជាក្រាស់ ក្រួន មួន មាំសមដោយភោគសម្ប័ទ ជាសុខសប្បាយ ទាំងស្បៀងអាហារសព្វសារពើក៏បរិបូណ៌មិនអត់ឃ្លាន ។ ព្រះពុទ្ធសាសនាក៏រុងរឿង ដោយ ព្រះបរមពោធិសម្ភារ ព្រះបារមីដែលស្ដេច ទ្រង់នូវព្រះមហាសុចរិតទស ពិធរាជធម៌ មហាប្រសើរ ។ អស់អរិន្ទរាជសត្រូវពាលា ចោរកំណាចក៏កោតក្រែងស្ងប់ស្ញែងខ្លាចព្រះ បារមីឥតបីនឹងកម្រើកឡើយ។ ប្រទេសចិន យួន ចាម ជ្វា ក៏នាំគ្រឿងបណ្ណា ការមកក្រាប ទូលថ្វាយ សូមពឹងព្រះបុណ្យបារមីជាច្រើន ។
ព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាត រាជាធិរាជ មានព្រះរាជបុត្របីព្រះអង្គសម្ពព នឹងអ្នកម្នាងទេវី ទ្រង់ព្រះនាម ព្រះនរាយណ៍ រាជា សម្ពពនឹងអ្នកម្នាងបទុមកេសរ ទ្រង់ព្រះ នាម ព្រះសេរីរាជា សម្ពពនឹងព្រះមែនាង ស៊ីសាងាម ទ្រង់ព្រះនាម ព្រះធម្មរាជា ។ ព្រះអង្គទ្រង់ព្រះករុណាប្រោសព្រះរាជទាន ព្រះរាជឥស្សរិយយសដល់ព្រះរាជបុត្រទាំងបី ព្រះអង្គស្មើគ្នាតាមលំដាប់បង និងប្អូន ។ ព្រះអង្គគ្រងរាជ្យក្នុងពេលធ្វើសង្គ្រាម មួយឆ្នាំ ទ្រង់សោយរាជ្យក្នុងព្រះមហានគរ ១៥ឆ្នាំ ទ្រង់សំចតគង់នៅក្នុងព្រះរាជវាំងបា សានមួយឆ្នាំ ទ្រង់មកគង់ក្នុងព្រះនគរដែល សាងថ្មី៣០ឆ្នាំ បូករួមទាំងអស់ត្រូវជា៤៧ឆ្នាំ ព្រះជន្ម៧៨ឆ្នាំ ក៏ទ្រង់ដល់នូវជរារោគហើយ សុគតទៅ ។ ព្រះរាជបុត្រ និងមន្ដ្រីលើកព្រះ សពមកតម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ ទើបអញ្ជើញព្រះនរាយណ៍រាជា ជាព្រះរាជ បុត្រច្បងឱ្យសោយរាជ្យសម្បត្ដិជាតំណព្រះ រាជវង្សមក ។
ឯកសារប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា
ព្រះ ស្រីសុរិយោពណ៌ ឬចៅពញា យ៉ាត (១៣៨៤-១៤៣១)
ព្រះចៅពញាយ៉ាតមិនបានធ្លាក់ក្នុង កណ្ដាប់ដៃសៀមទេ ទ្រង់បានចេញឃោសនា បញ្ចុះបញ្ចូលនាម៉ឺនមន្ដ្រី និងប្រជារាស្ដ្រឱ្យ ប្រឆាំងនឹងសៀមវិញ ។ ទ្រង់កទ័ពបានរួច បោះជំរំនៅក្នុងបន្ទាយមានរបងការពាររឹងមាំ មួយនៅក្នុងស្រុកស្រីសឈរ (ស្រីសន្ធរ) ដែលរឿងនិទាននិយាយថា ជាកន្លែងព្រះ បាទបក្សីចាំក្រុងគង់នៅមុនពេលបានឡើង សោយរាជ្យ ។ ទ្រង់បានចាត់ឱ្យកសាងរាជ ធានីតូចមួយ មានរបងការពាររឹងមាំ ហើយ មានប្រជារាស្ដ្រជាច្រើនមកពីខេត្ដផ្សេងៗ ចូលមករួមរស់ក្រោមការគ្រប់គ្រងរបស់ចៅ ពញាយ៉ាត ក្នុងនោះមួយចំនួនធំដែលមាន បំណងបណ្ដេញសៀមចេញពីព្រះនគរ បាន ស្ម័គ្រចូលបំរើក្នុងជួរកងទ័ពរបស់ព្រះអង្គ ។
ចៅពញាយ៉ាត មិនចង់ធ្វើសង្គ្រាមប្រឆាំង នឹងសៀម និងស្ដេចសៀមដែលសោយរាជ្យ នៅលើរាជបល្ល័ង្កកម្ពុជាដោយចំហទេ ទ្រង់ មានបំណងចង់លួចធ្វើឃាតវិញ ។ ទ្រង់បាន ចាត់មហាតលិក២នាក់ឱ្យធ្វើការងារនេះ ហើយបានសន្យាឱ្យរង្វាន់ច្រើនដល់អ្នកទាំង២ នាក់ ដែលស្ម័គ្រចិត្ដធ្វើដំណើរទៅកាន់ឥន្ទបត្ដ បុរី ជាមួយកំលាំង១៥នាក់ទៀត ។ ពួកនេះ បានជួបមន្ដ្រីសៀមម្នាក់ រួចបានសុំចូលគាល់ ស្ដេចសៀមដើម្បីសុំបំរើស្មោះត្រង់អស់មួយ ជីវិត ។ ពេលនោះ ស្ដេចសៀមគង់នៅក្នុង សួនក្នុងព្រះបរមរាជវាំង មន្ដ្រីសៀមក៏នាំអ្នក ទាំង១៧នាក់ទៅរង់ចាំត្រង់ផ្លូវដែលព្រះរាជា យាងធ្វើដំណើរ រួចឆ្លៀតឱកាសបង្ហាញខ្លួន អ្នកទាំងនោះតែម្ដង ។ ស្ដេចសៀមនៅឥន្ទ បត្ដត្រេកអរខ្លាំងណាស់ ដោយមានព្រះបន្ទូល ថា តាំងពីទ្រង់បានឡើងជាព្រះចៅក្រុង កម្ពុជា ទើបតែមានអ្នកទាំង១៧នាក់នេះទេ ដែលភ្ញាក់រលឹកមកសុំបំរើព្រះអង្គមុនគេ ម្ល៉ោះហើយទ្រង់យល់ព្រមទទួល ហើយនិងឱ្យ រង្វាន់ដល់អ្នកទាំងអស់គ្នា ។
ទ្រង់បានបញ្ជា ឱ្យគេយកសំលៀកបំពាក់មកឱ្យខ្មែរទាំង១៧ នាក់ ស្រាប់តែពួកនេះដកយកកាំបិតស្នៀត ដែលលាក់ក្នុងគល់ភ្លៅចេញមក ហើយព្រួត គ្នាចាក់ទៅលើព្រះរាជាសំដៅត្រង់ពោះ និង ទ្រូងធ្វើឱ្យព្រះអង្គសុគតភ្លាមទៅ ។ ពួក សេនាការពារស្ដេចសៀមពេលនោះ បាន ចេញមកជួយភ្លាមដែរ ប៉ុន្ដែបានត្រឹមតែកាប់ សម្លាប់ពួកឃាតកប៉ុណ្ណោះ ឯស្ដេចសៀមបាន សុគតផុតទៅហើយ ។ ប៉ុន្មានថ្ងៃក្រោយមក ចៅពញាយ៉ាតដែល ចេញដំណើរពីបន្ទាយមករង់ចាំតែដំណឹងនេះ ក៏បានបង្ហាញខ្លួនព្រះអង្គនៅមុខឥន្ទបុតបុរី ហើយចាប់ផ្ដើមបើកការប្រយុទ្ធ ។ ពេលនោះ ពួកខ្មែរដែលរស់នៅក្នុងរាជធានីក៏នាំគ្នាចាប់ កាន់អាវុធឡើងកាប់សម្លាប់ពួកសៀម រួច បើកទ្វាររាជធានីឱ្យទ័ពចៅពញាយ៉ាតចូល ។ នៅពេលដែលកំពុងតែមានការតាមកាប់ សម្លាប់សត្រូវតាមផ្លូវផ្សេងៗនៃរាជធានី ចៅ ពញាយ៉ាតបានយាងចូលក្នុងព្រះរាជវាំង ហើយបានជួបនឹងស្រីសៀមស្អាតម្នាក់កំពុង តែយំ ។ ទ្រង់សាកសួរទៅនាងនោះ ដែល ក្រាបថ្វាយបង្គំចោលកន្ទុយភ្នែកដៀងមើល ព្រះអង្គ រួចទូលថា នាងមានឈ្មោះថា នាង ស្រងៀម ជាបុត្រីអកខុន និងត្រូវជាព្រះជា យារបស់ស្ដេចសៀមដែលខ្មែរទាំង១៧នាក់ ធ្វើគត់នោះ ។ ចៅពញាយ៉ាត ពេញព្រះទ័យ នឹងសម្រស់នាងស្រងៀម ខ្លាំងណាស់ ក៏លើក នាងធ្វើជាស្នំឯក ។ ចៅពញាយ៉ាត បានត្រូវគេលើកឱ្យសោយ រាជ្យក្នុងឆ្នាំ១៣៨៤ នៃគ្រិស្ដសករាជ ក៏ប៉ុន្ដែ ទាល់តែ១២ឆ្នាំក្រោយមក គឺក្នុងឆ្នាំ១៣៩៦ ទើបទ្រង់បានរៀបអភិសេក ក្រោមព្រះនាម ថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះ បរមរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោ ពណ៌ធម្មិកមហារាជាធិរាជ ព្រះបរមនាថ បរមបពិត្រ ។
នៅឆ្នាំ១៣៨៨ នៃគ្រិស្ដសករាជ ព្រះរាជា បានប្រជុំព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខ មន្ដ្រី និងសេនាបតីទាំងឡាយ រួចទ្រង់មាន ព្រះបន្ទូលថា “ព្រះរាជាណាចក្រកម្ពុជាយើង មានរាជាណាចក្រសៀមជាសត្រូវ ។ ពីមុន បណ្ដាអាណាខេត្ដភាគខាងលិចមានប្រជា ជនច្រើនណាស់ ឥឡូវខេត្ដភាគច្រើនត្រូវ សៀមយកអស់ហើយ ។ សៀមក៏បានកៀរ យកប្រជាជនពីខេត្ដផ្សេងៗទៀត ដែលយើង កាន់កាប់ នាំយកទៅជាឈ្លើយថែមទៀត យើងពិបាកនឹងទៅរកប្រជាជនពីណាមកដាក់ វិញណាស់ ។ បើនឹងចង់ដណ្ដើមយកអាណា ខេត្ដដែលសៀមយកទៅនោះមកវិញ ក៏មិន បាន ព្រោះមានការយាមកាមរក្សាម៉ឺងម៉ាត់ ណាស់ ណាមួយយើងក៏ពិបាកនឹងធ្វើសង្គ្រាម ទៅទៀតផង ។
ខេត្ដជាប់ព្រំដែនមិនអាចឱ្យ រើសទ័ពសំរាប់ទប់ទល់នឹងការលុកលុយ របស់សៀមបានទេ ។ រាជធានីយើងធំមាន របងការពាររឹងមាំ តែមិនសូវមានប្រជាជន ដូច្នេះមិនគ្រប់គ្រាន់នឹងការពារឡើយ ។ បើ សិនណាជាសៀមលើកទ័ពមកវាយម្ដងទៀត ទាំងសាសនិកទាំងពួកព្រាហ្មណ៍នឹងត្រូវរង ទុក្ខវេទនាដូចគ្នា ។ យើងគួរតែចាកចោលរាជធានីនេះដែល យើងមិនអាចការពារបាន ហើយទៅកសាង រាជធានីថ្មីមួយនៅខេត្ដស្រីសឈរ (ស្រី សន្ធរ) វិញ ។ បើពួកសៀមមក វាត្រូវឆ្លង កាត់ខេត្ដផ្សេងៗដែលវាត្រូវប្រយុទ្ធជាច្រើន កន្លែង អាចទុកពេលឱ្យយើងកេណ្ឌទ័បទប់ ទល់ទាន់ មុននឹងបណ្ដោយឱ្យពួកវាចូលមក ដល់ជើងរបងរបស់យើង” ។
មានព្រះ បន្ទូលរួច ទ្រង់សាកសួរយោបល់ នាម៉ឺនសព្វមុខមន្ដ្រី ដែលយល់ព្រមតាមព្រះ រាជតម្រិះដែរ ហើយក៏សំរេចឱ្យដឹកជញ្ជូនរាជ ទ្រព្យ រាជបរិពារ និងសេនាបតីទៅកាន់ស្រី សន្ធរ ។ លុះដល់ឆ្នាំ១៣៨៨ ក្រោយពីបាន ជ្រើសរើសពេលវេលាល្អរួចហើយ ទ្រង់បាន យាងចាកចេញពីព្រះរាជវាំងឥន្ទបត្ដបុរី តាម ព្រះរាជទីនាំងនាវាធំមួយ ហែហមទៅដោយ នាវាតូចធំជាច្រើន ក្រោមសំលេងគងឃ្មោះ និងស្គរលាន់ឮរំពង គួបផ្សំជាមួយសំលេង ហ៊ោកញ្ជ្រៀវរបស់កងទ័ពជើងគោក និងជើង ទឹកអឺងកង ដើម្បីធ្វើឱ្យព្រះរាជដំណើរប្រកប ដោយជោគជ័យ ។ នាវាព្រះរាជាបានមកចុះចតនៅនឹងទួល បាសាន ហើយភ្លាមៗនោះ គេក៏ចាប់កសាង រាជវាំងហ៊ុមព័ទ្ធទៅដោយកំផែងការពាររឹង មាំ សង់ក្រោលសេះ ក្រោលដំរី និងជម្រក ព្រះរាជទីនាំងនាវា ។ ព្រះរាជវាំងបែរមុខទៅ រកទន្លេ ។ ព្រះរាជបរិពារសេវកាមាត្យ សង់ ផ្ទ្ទះជុំវិញព្រះរាជដំណាក់ ត្រង់កន្លែងណាដែល មានទួល ហើយទ្រង់ប្រទាននាមឱ្យព្រះរាជ ធានីថ្មីថា ក្រុងស្រីសន្ធររបវរធានី ។ រដូវវស្សាមកដល់ ភ្លៀងធ្លាក់ជោកជាំធ្វើ ឱ្យលិចលង់ទូទាំងព្រះនគរ ព្រះរាជាក៏សំរេច មកគង់នៅឯចតុមុខវិញ គឺរាជធានីភ្នំពេញ សព្វថ្ងៃ ត្រង់អាគ្នេយ៍ភ្នំតូចមួយ ។ ព្រះរាជាបានបញ្ជាឱ្យឧកញ៉ាតេជោកេណ្ឌ កំលាំងមនុស្សជាច្រើនជីកដីត្រង់កន្លែងណា ហើយរែកយកមកចាក់បំពេញមាត់ទន្លេខាង កើត និងខាងត្បូងភ្នំ ។ កន្លែងដែលគេជីក នោះបានក្លាយទៅជាបឹងមួយ ដែលក្រោយ មកគេហៅថា បឹងតេជោ នៅខាងលិចមហា វិថី ឌូដាដឺឡាក្រេ សព្វថ្ងៃ ពីម្ខាងព្រែកជីក ខាងនិរតី ។
បន្ទាប់មក ព្រះរាជាបានបញ្ជាឱ្យជីកព្រែក មួយដែលគេហៅថា ព្រែកពាមផ្លុង ដើម្បីនាំ យកទឹកពីទន្លេមកប្រើនៅក្នុងរាជធានី ។ ព្រែកនេះសព្វថ្ងៃនៅមានស្នាមត្រង់កន្លែង ដែលមានពាមមួយ តម្រង់ទៅរកស្ពានឆ្មាំ៤ នាក់ ចន្លោះតិរវិថីវែណេវឹល និងតិរវិថីពីកេ ។ គេចាក់បំពេញកន្លែងណាដែលទាប កន្លែង ណាមានអូរគេធ្វើស្ពានតូចសំរាប់ឆ្លងកាត់ ហើយគេកសាងប៉មមួយនៅពីខាងជើង សំរាប់ការពាររាជធានី ។ រួចគេជីកអូរមួយ ព័ទ្ធជុំវិញប៉មនោះ ដែលគេហៅថា អូរចិនដំ ដែក ដោយមកពីមានពួកចិនរកស៊ីដំដែកនៅ កន្លែងនោះ ។ អូរនោះសព្វថ្ងៃជាព្រំប្រទល់ ខាងត្បូងនៃដីគរុភណ្ឌ តែត្រូវបានគេចាក់ បំពេញធ្វើ្វជាផ្លូវអស់ហើយ ។ សំណង់ការពារសត្រូវរួមមានកំពែងព័ទ្ធ ជុំវិញរាជធានីមួយ ចាប់ផ្ដើមពីប៉មខាងជើង សំដៅទៅទិសខាងលិច រួចបត់ទៅត្បូងពីខាង ក្រៅបឹងតេជោដែលគេទុកសំរាប់ធ្វើស្រែរួច ហើយបែរមករកទន្លេវិញ កាត់តាមត្រញំង អូរពោរពេញទៅដោយភក់ដែលប្រឡាយ ទឹកស្អុយហូរកាត់ពីខាងក្រោយវត្ដធម្មយុត្ដិ ធ្លាក់ទៅក្នុងបឹងវែងមួយនៅខាងត្បូងវត្ដព្រះ ពុទ្ធមរកត ។
គេក៏បានលើកកំពែងព័ទ្ធតាម មាត់ទន្លេផងដែរ ដើម្បីបង្ការការវាយប្រហារ ពីសត្រូវតាមផ្លូវទឹក ។ នៅលើកំពូលភ្នំ ព្រះ រាជាបានបញ្ជាឱ្យសង់វត្ដមួយ សាលាមួយ នៅតាមជើងភ្នំទ្រង់ឱ្យសាងអាស្រមតូចៗ សំរាប់ពុទ្ធសាសនិកជន ។ អ្នកតាម្ចាស់ទឹកដី ឬឃ្លាំងមឿង ដែល មានឈ្មោះថា អ្នកតាប្រាប គេដាក់នៅក្បែរ មាត់ពាមព្រែកពាមផ្លុង ។
សង់អ្វីៗរួចហើយ ព្រះរាជាបានយាងចូល គង់ក្នុងព្រះបរមរាជវាំង ហើយសំរេចឱ្យគេ ហៅទន្លេដែលជាប់នឹងរាជធានីនេះថា ទន្លេ ចតុមុខមង្គលសកលកម្ពុជាអធិបតី ។ នៅពេលនោះ ប្រទេសមានសន្ដិភាពសុខ សាន្ដបានយូរល្អណាស់ ប្រជារាស្ដ្ររីករាយ សប្បាយ ពាណិជ្ជកម្មរីកចំរើន ហើយសាស និកទទួលបានអំណោយទានជាស្បៀងជា រឿយៗសាសនាចំរុងចំរើន សង្គមមានយុត្ដិ ធម៌សមស្របទៅនឹងព្រះទ័យរបស់ព្រះរាជា ។ សត្រូវទាំងឡាយរួមទាំងពួកចោរលួច ចោរប្លន់ផង ខ្លបខ្លាចអំណាចព្រះរាជាខ្លាំង ណាស់ ។ មានជនបរទេសជាច្រើនចុះទូក កប៉ាល់ចូលមកកាន់រាជធានីដែលរីកចំរើនធំ ឡើងៗ ។ កិត្ដិនាមរបស់រាជធានីល្បីរន្ទឺ ជា ហេតុធ្វើឱ្យពួកចិន យួន
ម៉ាឡេ សៀម ឥណ្ឌា លាវ ចេញចូលធ្វើពាណិជ្ជកម្ម ឬក៏មកតាំង លំនៅតែម្ដងក៏មាន ។
ស្ដេចសុរិយោពណ៌សោយរាជ្យបាន៤៧ឆ្នាំ បើគិតទាំងរយៈកាល១២ឆ្នាំ ដែលព្រះអង្គ សោយរាជ្យមិនទាន់ទទួលអភិសេកផង ។ ទ្រង់គង់នៅឥន្ទបត្ដ១៧ឆ្នាំ ក្នុងនោះ១២ឆ្នាំ ក្នុងព្រះនាមជារាជានុសិទ្ធិ និង២ឆ្នាំជាព្រះ រាជា ។ បន្ទាប់ពីឥន្ទបត្ដទ្រង់បានយាងទៅគង់ នៅបាសាន ក្នុងខេត្ដស្រីសន្ធរមិនដល់១ឆ្នាំ ផង ក៏យាងមកគង់នៅចតុមុខបានជិត៣០ ឆ្នាំ ។ ក្រោយពីសោយរាជ្យសម្បត្ដិបាន៤៧ ឆ្នាំ ទ្រង់ក៏ដាក់រាជ្យថ្វាយព្រះរាជបុត្រាច្បង ព្រះនាមនរាយណ៍រាជា រួចទ្រង់ទទួលយក តំណែងជាព្រះមហាឧបយោរាជបរមបពិត្រ ។
ការកសាងភ្នំដូនពេញ
តាម ប្រវត្ដិសាស្ដ្រខ្មែររៀបរៀងដោយ លោកត្រឹង ងា រាជពង្សាវតារខ្លះបាននិទានពីប្រវត្ដិ សាស្ដ្រនៃក្រុងភ្នំពេញ ដោយមានសេចក្ដី សំរួលដូចតទៅ ៖
ក្នុងកាលដែលកន្លងយូរទៅហើយ មាន ស្ដ្រីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដែលអ្នកផងហៅថា ដូនពេញ ។ ផ្ទះគាត់ តាំងនៅលើទួលខ្ពស់មួយនៅលើត្រើយខាង លិចនៃទន្លេច្រាបឈាម (ទន្លេចតុមុខសព្វ ថ្ងៃ) នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹក ជំនន់នៅប្រទេសលាវយ៉ាងធំ បណ្ដាលឱ្យបាក់ ច្រាំងរលំដើមគគីរជាច្រើន ហើយអណ្ដែត បណ្ដោយទឹកតាមទន្លេមេគង្គរហូតមកដល់ ទន្លេច្រាបឈាម ។
ក្នុងចំណោមនោះមាន ដើមគគីរធំមួយ បានអណ្ដែតមកទើរនៅត្រង់ មាត់កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួល ញាតិមិត្ដជិតខាងជិះទូកទៅចងដើមគគីរ នោះ ហើយនាំយកមកលើគោក ។ កាលបើ អ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែ ឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍នៅក្នុងប្រហោង ឈើនោះ ។ ពួកអ្នកស្រុកបានដង្ហែរូបបដិមា ទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានឱ្យគេជញ្ជូនដី ពូនដំបូកធំខាង ឥសានផ្ទះ និងឱ្យគេយកឈើគគីរនោះសង់ ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយ បានយកព្រះពុទ្ធរូបទៅតំកល់ទុកនៅក្នុងព្រះ វិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ពុទ្ធសករាជ ១៩១៦ គ្រិស្ដសករាជ១៣៧២ ។
តមកទៀត ដូនពេញបានឱ្យគេសង់ខ្ទមមួយខាងឥសាន ព្រះវិហារ រួចគេយកបដិមាថ្មទៅតំកល់ទុក នៅទីនោះ ហើយបានសន្មតថា អ្នកតាព្រះ ចៅតរៀងមក (សព្វថ្ងៃគេហៅថា លោកតា ព្រះចៅ) ។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰធ្វើ ឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាង អធិកអធម ។ ដោយអាស្រ័យហេតុនេះ ភ្នំ នោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយ ដែលយូរៗទៅក្លាយនៅត្រឹមតែភ្នំពេញដូច យើងហៅសព្វថ្ងៃនេះ ។
គួរ គប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែល ដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះ រាជពង្សសាវតារ និងអត្ថបទចម្លងតៗមក ទៀតនិយាយមិនស្របគ្នាសោះ ខ្លះថា មាន ព្រះពុទ្ធបដិមាបួនអង្គធ្វើពីលង្ហិន និងបដិមាថ្ម កាន់ស័ង្ខ និងគទា (ព្រះនារាយណ៍0x017d7) ខ្លះថា មានព្រះពុទ្ធរូបពីរអង្គមានព្រះភ័ក្ដ្រឈមជា បួនទិស ខ្លះទៀតថា មានព្រះពុទ្ធរូបសំរឹទ្ធិ មួយព្រះអង្គមានព្រះភ័ក្ដ្រ៤តាំងសមាធិ និង រូបសិលា១ដៃកាន់ស័ង្ខមានផ្នួងសក់ ដូចជា ពួកព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែល មានតំកល់នៅក្នុងព្រះវិហារវត្ដភ្នំ (ភ្នំដូន ពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ៤អង្គ គង់លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នា ។
ការកសាងរាជធានីចតុមុខ
ក្នុង ភាគ១យើងបានឃើញថា នៅគ្រិស្ដ សករាជ១៤៣១ ព្រះបរមរាជាចៅពញាយ៉ាត ទ្រង់បានលើករាជធានីទៅតាំងនៅទួល បាសានក្នុងខេត្ដស្រីសឈរវិញ តែគង់នៅ ទីនោះ បានតែមួយឆ្នាំ (ក្បួនខ្លះថាបានដល់៩ ឆ្នាំ) ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះ អង្គក៏បញ្ជាឱ្យលើករាជធានី ពីទួលបាសាន ទៅតាំងនៅក្រុងភ្នំពេញវិញ នៅលើត្រើយ ខាងលិចនៃទន្លេច្រាបឈាម ។ ព្រះអង្គទ្រង់ត្រាស់បង្គាប់ឱ្យសម្ដេចចៅ ពញាកែ និងឧកញ៉ាហោរាធិបតីខៀវ ព្រម ទាំងមន្ដ្រីខ្លះទៀតផង ឱ្យទៅពិនិត្យមើលទីដី ដែលស្ថិតនៅជិតភ្នំដូនពេញ ។
លុះទៅធ្វើការ ពិនិត្យក្បួនតម្រាសព្វគ្រប់ហើយ មន្ដ្រីទាំង នោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថា តំបន់ ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំដូនពេញ មាន ជ័យភូមិល្អល្មមស្ថាបនារាជធានីបាន ។ ព្រះ អង្គក៏ទ្រង់ត្រាស់ឱ្យអស់ចៅហ្វ្វាយស្រុកកេណ្ឌ រាស្ដ្រមកជួយកសាងព្រះរាជនិវេសន៍ លើកដី ធ្វើកំពែង សង់ប្រាសាទ និងដំណាក់តូចធំក្នុង រយៈពេលដ៏ខ្លីបំផុត ។ លុះកិច្ចការបានបំពេញ ចប់សព្វគ្រប់ហើយ ព្រះអង្គក៏មកគង់នៅរាជ វាំងភ្នំដូនពេញ តាមផ្លូវទឹកដោយមាននាម៉ឺន សព្វមុខមន្ដ្រីដង្ហែមកផង ។
លុះយាងមក ដល់ហើយ ព្រះអង្គទ្រង់ក៏ ត្រាស់បង្គាប់ចៅពញាតេជោ ចៅហ្វាយស្រុក ខេត្ដសំរោងទង ឱ្យកេណ្ឌរាស្ដ្រទៅលើកដី ចាក់បំពេញតំបន់ជុំវិញវត្ដភ្នំ និងក្នុងរាជវាំង។ ដូច្នេះតំបន់នោះក៏បានរាបស្មើល្អ រហូតដល់ មាត់ទន្លេ ដែលអ្នកផងនិយមហៅកំពង់រាប ចាប់តាំងពីពេលនោះមក ។ ឯទីដែលចៅ ពញាតេជោឱ្យរាស្ដ្រយកអាចម៍ដីនោះ ក៏ ក្លាយទៅជាបឹងមួយធំជ្រៅទូលាយទើបបាន គេឱ្យឈ្មោះថា បឹងតេជោ តរៀងមក គឺទីដី ត្រង់ផ្សារថ្មីសព្វថ្ងៃ ។
តមកទៀតព្រះរាជាទ្រង់ត្រាស់ បង្គាប់ ឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយស្រុកខេត្ដ បាទី ឱ្យជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុង បារាយណ៍មួយនៅក្នុងរាជធានីភ្នំពេញ សំរាប់ យកទឹកប្រើប្រាស់ ដល់ប្រជារាស្ដ្រទាំងអស់ គ្នា ព្រែកនោះគេហៅថា ព្រែកឧកញ៉ាផ្លុង ។ បើតាមស្រាវជ្រាវទៅឃើញថា ពីដើមព្រែក នេះស្ថិតនៅតាមបណ្ដោយសួនច្បារមុខ ស្ថានីយកណ្ដាលនៃអយស្ម័យយាន គឺស្របនឹង វិថីឧកញ៉ាផ្លុង សព្វថ្ងៃនេះឯង ។
ដើម្បីជាកិច្ច ការពារ ព្រះរាជាទ្រង់បញ្ជា ឱ្យជីកគូ និងលើកដីជាកំពែង តាំងជាសើន ជា បន្ទាយព័ទ្ធជុំវិញរាជធានី ។ ដូច្នេះនៅទិស ខាងត្បូងគឺព្រែកតាកែវ ខាងលិច ព្រែកអូរគ ខាងជើង ព្រែកពោងពាយ ឬព្រែកចិនដំដែក ព្រោះកន្លែងនោះមានជនជាតិចិនរកស៊ីរបរ ដំដែក ។ ក្រៅពីមុខងារការពារក្រុង ព្រែក ទាំងនោះនៅមានមុខងារសំខាន់ម្យ៉ាងទៀត គឺយកទឹកសំរាប់ឱ្យរាស្ដ្រធ្វើស្រែនៅទិសខាង លិច ។
ពួកនាម៉ឺន សព្វមុខមន្ដ្រី និងពួកប្រជារាស្ដ្រ បានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃ រាជធានី ។
លុះសំរេចការកសាងហើយព្រះ រាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុង ចតុមុខមង្គល សកលកម្ពុជា ធិបតី សិរីធរ បវរ ឥន្ទបត្ដបុរី រដ្ឋរាជ សីមា មហានគរ ។ ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធ នាមថ្មីថា ទន្លេចតុមុខវិញដែរ ។
ក្រោយបន្ដិចមក ព្រះរាជបុត្រច្បងព្រះ នាមនរាយណ៍រាជា ទ្រង់បានតែតាំងជាឧប រាជ ហើយយាងទៅគង់ក្នុងព្រះរាជដំណាក់ នៅជ្រោយរលួស ។ ឯព្រះរាជបុត្រទីពីរ ព្រះ នាមស្រីរាជា យាងទៅគង់នៅខាងលិច ត្រង់ ដីទួលមួយកន្លែងដែលតមកគេហៅថា ទួល ព្រះស្រី (ម្ដុំវត្ដព្រះពុទ្ធមានបុណ្យសព្វថ្ងៃ) ។ នៅគ្រានោះ ព្រះវិហារកសាងឡើងដោយដូន ពេញក៏បានទ្រុឌទ្រោមខ្លះទៅតាមកាលវេលា ។ ព្រះបរមរាជាចៅពញាយ៉ាត ទ្រង់ បានកសាងវិហារនោះជាថ្មីឡើងវិញ ដោយ ពង្រីក និងពូនភ្នំនោះឱ្យកាន់តែខ្ពស់ជាងដើម ហើយទ្រង់ចាត់ឱ្យក្រាលថ្មនៅកំពូលខាងលើ និងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយ ព្រះវិហារ ។ រួចព្រះអង្គបញ្ជាឱ្យទៅយកព្រះ ពុទ្ធបដិមាលង្ហិនដែលសេសសល់នៅនគរវត្ដ ព្រមទាំងរូបសិង្ហតោមកតំកល់ និងតាំងនៅ លើភ្នំនោះ ។ ពិធីត្រូវធ្វើអស់រយៈពេលបីថ្ងៃ គេយកព្រះពុទ្ធបដិមាដែលដូនពេញបានរក ឃើញក្នុងដើមគគីរពីមុននោះទៅតំកល់នៅ ជាន់ខាងលើនៃចេតិយធំ ឯព្រះពុទ្ធបដិមា ដែលយកមកពីនគរវត្ដត្រូវបានតំកល់នៅក្នុង ជាន់ក្រោម ។ វត្ដភ្នំដូនពេញ ត្រូវប្រសិទ្ធនាម ថ្មីថា វត្ដព្រះចេតិយបព៌តវិញ ។
ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់ឱ្យ កសាងវត្ដអារាមនៅច្រើនកន្លែងក្នុងរាជធានី វត្ដពីរនៅខាងកើតវត្ដភ្នំគឺវត្ដធម្មលង្កា និងវត្ដ កោះ វត្ដមួយនៅខាងត្បូងអូរចិនដំដែកគឺ វត្ដ ព្រះពុទ្ធយោសា (សព្វថ្ងៃហៅវត្ដព្រះពុទ្ធយោ សារាម ឬវត្ដចិនដំដែក នៅជាប់នឹងវត្ដពិភន្ទ រង្សីមានវិថីឧកញ៉ាអ៊ុំ ខណ្ឌកណ្ដាល ។ នៅ ខាងមុខព្រះវិហារវត្ដនេះ សព្វថ្ងៃគេឃើញ មានរូបទ្វារបាលពីរនាក់ជារូបចិនដែលគេ អាចមើលស្គាល់យ៉ាងងាយ ដោយលក្ខណៈ មុខមាត់ សំលៀកបំពាក់ និងគ្រឿងអាវុធ) វត្ដមួយនៅត្រង់មាត់ទន្លេក្បែរពាមព្រែក ឧកញ៉ាផ្លុង គឺវត្ដពាមផ្លុង វត្ដមួយនៅត្រង់ ចេតិយធំ វត្ដឧណ្ណាលោម ហើយវត្ដមួយទៀត ហៅវត្ដខ្ពបតាយ៉ង ។
គួរគប្បីគត់សំគាល់វត្ដ ចុងក្រោយនេះ សព្វថ្ងៃស្ថិតនៅត្រង់វត្ដបទុម វតី ។ បើតាមអក្សរចារឹកតំកល់នៅទីនោះ ព្រះបាទបរមរាជាចៅពញាយ៉ាត បានសាង វត្ដនេះនៅគ្រិស្ដសករាជ១៤៤២ លើកទីមួយ មានទំហំ២០២ម៉ែត្រខ២៦០ម៉ែត្រ ។ វត្ដនេះ គេហៅថា វត្ដខ្ពបតាយ៉ង ព្រោះនៅខាងត្បូង មានខ្ពបរបស់តាយ៉ង ព្រះវិហារវត្ដនេះត្រូវ បានគេកសាងថ្មីពីរលើកទៀត លើកទី១ នៅ គ្រិស្ដសករាជ១៨៦៥ ក្នុងរជ្ជកាលព្រះបាទ នរោត្ដម លើកទី២ នៅគ្រិស្ដសករាជ១៩៣៧ ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ មុនីវង្ស ។ គួរ គប្បីជ្រាបម្យ៉ាងទៀតថា វត្ដឧណ្ណាលោម នៅ រក្សាឈ្មោះដដែលតាំងពីពេលកសាងរហូត ដល់សព្វថ្ងៃ ហើយឈ្មោះនេះត្រូវបានប្រសិទ្ធ នាមឡើងដោយយកតាមឈ្មោះចេតិយ ដែល គេបញ្ចុះព្រះឧណ្ណាលោម គឺរោមប្រជុំចិញ្ចើម នៃព្រះអស្សជិតថេរ ។ នៅខាងមុខវត្ដនេះ គឺ នៅជិតមាត់ទន្លេព្រះរាជាទ្រង់ឱ្យសាងឃ្លាំង មឿងមួយ (អ្នកតាចាំស្រុក) ឈ្មោះអ្នកតា ប្រាជ្ញ ៕
Source: Kohsantepheap Daily http://kohsantepheapdaily.com.kh/article/20100510-232934.html
Leave a Reply