Print Friendly

ដោយ ៖ សា​ម៉​ន

ថ្ងៃ ពុធ ទី ២៨ ខែ មេសា ឆ្នាំ ២០១០

ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​មាន​មក​ តាំងពីបុរាណកាល ពិតមែនតែ​ថា រឿង​ស្ដេច​ច្រត់ព្រះ​នង្គ័ល​ក្នុង​សម័យ​នគរ​ភ្នំ (​ហ្វូ​ណ​ន​) និងក្នុង​សម័យ​នគរធំ (​យ​សោ​ធរ​បុ​រៈ​) មិន ឃើញ​មាន​ប្រាកដ​ក្នុង​ព្រះរាជ​ពង្សាវតារ ឬក្នុង​សេចក្ដី​កត់​ហេតុ​ឯណា​នីមួយ​ក៏​ដោយ ក៏ត្រូវ​តែ​យល់​ថា ទំនៀមទំលាប់​ស្ដេច​ច្រត់​ព្រះនង្គ័ល​នោះ​ធ្លាប់​មាន​មក​ហើយ​ជា​ប្រាកដ ដោយ​មាន​ភស្ដុ​តាង​ជាក់ស្ដែង​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ និង​ច្បាប់​ខ្មែរ​បុរាណ​ជា​គ្រឿងសំអាង ខ្លះ​ថា ពួក​ជន​ដែល​បាន​ស្ថាបនា​ប្រទេស​កម្ពុជា ក្នុង​ជាន់​ដើម​នោះ គឺ​ពពួកមនុស្ស​ដែល​ចុះ​មកពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងត្បូង ដូច​យ៉ាង ព្រះបាទ​កោ​ណ្ឌ​ញ​រាជ (​ចិន​ហៅ​ថា ហួ​ន ទៀន​) ជាបឋម​ក្សត្រ​របស់​ខ្មែរ និង​ព្រះបាទកោ​ណ្ឌ​ញ​-​ជយ​វរ្ម័ន ដែល​ជា​ក្សត្រ​ល្បី​ព្រះនាម​ក្នុង​សម័យ​នគរ​ភ្នំ កាលដែល​មក​ចុះស្ថាបនា​ឥស្សរភាព​ក្នុង​ប្រទេស​នេះ មិនមែនមក​តែ​ខ្លួន​ទទេ​ទេ បាន​ទាំង​នាំ​យក​អារ្យធម៌​គឺ លទ្ធិ ទំនៀម សាសនា និង​វិជ្ជា​ផ្សេង​ៗ មកប្រព្រឹត្ដ​ប្រតិបត្ដិ​ផ្សាយ​ក្នុង​ប្រទេស​នេះ​ផង ទាល់តែ​ប្រាកដ​កិត្ដិយស​ថា ខ្មែរ​ជា​ឥណ្ឌា​តូចនៅ​ក្នុង​ដែន​សុវណ្ណ​ភូមិ​នេះ ។

នេះ​ប្រសិនបើ​គេ​ព្យាយាម​រួបរួម​រឿង លទ្ធិ​ទំនៀម​ក្នុង​ប្រទេស​ឥណ្ឌា មក​ប្រៀបធៀប​នឹង​លទ្ធិ​ទំនៀម​របស់​ខ្មែរ គង់តែ​ឃើញ ត្រូវ​គ្នា​ជា​ច្រើន​អន្លើ ។ មាន​រូប​មួយ​ឈ្មោះ​ពល​ទេព ឬ​ហៅ​ថា ពល​រាម ជា​រូប​លី​នង្គ័ល គេ​សាង​ឡើង​សំរាប់បូជា​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល រូប​នេះ​គេ​សំគាល់ឃើញ​ថា សាង​ឡើង​តាំងពី​សម័យ​ក្រុង​នគរធំ ឬ​សាង​មុន​នោះ​ទៅ​ទៀត​ក៏​សឹង​ថា​បាន ហើយ​ក្នុង​សម័យ​នោះ​គង់​មាន​សាង​ឡើងជាច្រើន សព្វ​ថ្ងៃនេះ​គេ​ឃើញ​មាន​រូប​១ មាននៅហោព្រះ​បញ្ច​ក្សេត្រ ក្នុង​ព្រះ​បរមរាជវាំង ជារូប​ស​ម្រិ​ទិ​លី​នង្គ័ល ឬ​ចបកាប់​មើល​មិន ច្បាស់ រូប​១​ទៀត​ធ្វើ​ដោយ​ថ្មភក់ ជា​រូប​លី នង្គ័ល មាននៅ​ក្នុង​សារមន្ទីរ​ភ្នំពេញ ដោយហេតុ​មាន​រូប​នេះ​ដែល​ជា​ស្នាដៃ​របស់​ខ្មែរសាងមាននៅ​ក្នុង​មណ្ឌល​ស្រុក​ ខ្មែរ​តាំងពី បុរាណកាល ដូច្នេះ​ទើប​នាំ​ឱ្យ​យល់​ថា ទំនៀមច្រត់ព្រះនង្គ័ល គង់​មាន​មក​ពី​បុរាណ យ៉ាងតិច​ណាស់​ក៏​ត្រឹម​សម័យ​ក្រុង​នគរធំ ។

ចំពោះ​ព្រះ​គោ ឬ​គោ​ឧសភរាជ ក្នុង​វេលាមុន​ច្រត់ព្រះនង្គ័ល​៣​ថ្ងៃ គឺ​ក្នុង​ពេល​ដែលព្រាហ្មណ៍​ធ្វើ​ពិធី​៣​ថ្ងៃ ព្រះ​គោ​ទាំង​គូ និង​ព្រះនង្គ័ល​នោះ​តាម​ទំនៀម​ពី​ដើម​គេ​យក​ទៅ​តាំងក្នុង​រោង​មួយ ដែល​ទើប​សង់​ថ្មី​នៅ​ក្នុង​ទី​ព្រះ ស្រែ​នោះ ដោយ​មាន​ភ្នាក់ងារ​ក្រុមព្រះ​ស្រែ មើលថែ​រក្សា​ដាក់​ស្មៅ ដាក់​ទឹក ឱ្យ​ព្រះ​គោ​ស៊ី ផឹក​ឆ្អែតឆ្អន់​រាល់ថ្ងៃ ក្នុង​រវាង​៣​ថ្ងៃ​នោះ ហាម​មិន​ឱ្យ​យក​ចេញ​ទៅ​ក្រៅ​ទី​ព្រះ​ស្រែ សម្ដេច​ឥសីភទ្ទាធិបតី​ម៉ាំង​ថា ព្រះ​គោ និងព្រះ​នង្គ័ល​នេះ​ធ្លាប់​មាន​ជា​របស់​ព្រះរាជ​ទ្រព្យ​មក​តាំងពី​បុរាណកាល ទើប​មក​លើកលែងក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ ដោយ​លុប​មិន​ឱ្យ​មាន​ក្រុម​ក្សត្រ និង​មិន​ឱ្យមាន​គោ​ព្រះរាជ​ទ្រព្យ​ឡើយ ដល់​ពេល​ធ្វើ ព្រះរាជ​ពិធី គេ​យក​តែ​នង្គ័ល​ទៅ​តាំងនៅ​រោងពិធី​ទិសនិរតី​រហូត​ដល់​សព្វ​ឆ្នាំ​នេះ ការ​តាំង ដូច្នេះ ដើម្បី​ឱ្យ​ព្រះ​គោ និង​ព្រះ​នង្គ័ល​ចូល​ក្នុងពិធី​របស់​ព្រាហ្មណ៍​ផង ។

គោ​១​នឹម  ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅ​ថា “​ព្រះ​គោ​” ឬ​ហៅ​ថា “​គោ​ឧសភរាជ​” ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាម​បែបនិយម​បច្ចុប្បន្ន​គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ​ប្រក់​នាគ គឺ​រាង​ខុប​ទៅ​មុខ​បន្ដិច ហើយ​វាត់​ចុង​ទៅ​លើ​បន្ដិច ។ គោ​២​នឹម​ទៀត ដែល​សំរាប់​ហែ​មុខ​ហែ​ក្រោយឃើញ​ថា មិនទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើមក ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម ។ ឯ​ព្រះ​គោ​នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ ស្រោមស្នែង និង​ពាក់​សំពត់​កម្រាល​សម្បុរក្រហម​លើ​ខ្នង​ផង ។
ឯ​ព្រះ​នង្គ័ល​ទាំង​៣​ នោះ គេ​លាបថ្នាំ​ពណ៌ខ្មៅ កាត់​ខ្សែ​ក្រហម​ដោយ​អន្លើ​ៗ ឯ​ចន្ទោលព្រះ​នង្គ័ល​សំរាប់​អ្នកតំណាង​ព្រះ​អង្គ​នោះមាន​លក្ខណៈ​ពិសេស​គឺ​ ធ្វើ​ជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែប​យ៉ាង​ពណ៌​មាស នៅ​ត្រង់ក​នាគ​មាន​ភូ​ធ្វើ​ពី​រោមសត្វ​សម្បុរ​បែប​ភូ​ទួន​។

ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋានផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងាររៀប​ដាក់​តុ​ប្រាក់​ធំ​ៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​មន្ដ្រីម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ី ផឹក របស់​ទាំង​៧យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូល​ចិត្ដ​ស៊ី ផឹក​អ្វី ក៏​ស៊ីផឹក ទៅគេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណានីមួយ​ៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាងព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅខាង​មុខ​តាម​នោះ រីឯ​ទំនាយ​មិនជា​ការប្រាកដ​ប៉ុន្មាន​ទេ គឺថា​បើ​ព្រះ​គោ​ស៊ី​អ្វី ក៏​ទាយថា ក្នុងឆ្នាំនេះ​របស់​នោះ​សំបូរ​ប្លែក តែបើ​ស៊ី ស្មៅ​ទាយ​ថា និ​ឹ​ង​កើត​ជម្ងឺ​គោ បើ​ផឹកស្រានឹងកើត​មនុស្ស​ពាល ចោរលួច ចោរប្លន់​ជា​ច្រើន ។

លំដាប់​នោះ ស្ដេច​មាឃ និង​មេ​ហួ​ចូល​ទៅថ្វាយបង្គំ​ព្រះ​ទេវរូប​នៅ​ក្នុង​រោង​មណ្ឌល​ទិសខាងកើត “​ជាទី​តាំង​ព្រះ​កច្ចាយន​ទេវរូប​” នោះ​ពួក​បារគូ​ក៏​ចូល​ផ្លុំស័ង្ខព្រះរាជ​គ្រូ​យកទឹកមន្ដ​ប្រោះព្រំ​ឱ្យ​អ្នក ​ទាំង​ពីរ ព្រមទាំង​ឱ្យ ស័ព្ទ​សាធុការពរ​ឱ្យ​បាន​ប្រកបដោយ​សេរី​សួស្ដីនូវ​សេចក្ដីសុខ មហាប្រសើរ​រៀង​ទៅ​ប៉ុណ្ណោះជា​ការ​ស្រេច​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័លហើយ ៕

Source: Kohsantepheapdaily http://kohsantepheapdaily.com.kh/article/20100427-205834.html