Print Friendly

ដោយ ៖ សា​ម៉​ន

ថ្ងៃ ពុធ ទី ២ ខែ មិថុនា ឆ្នាំ ២០១០

ចាប៉ី​ជា​ពាក្យ​យារ​មក​បី​ពាក្យ​សំស្ក្រឹត​ថា ច​ក្ឆ​ប៉ី ។ ហៅ​ឈ្មោះ​ថា ចាប៉ី​ដង​វែង មក​ពី​ចាប៉ី នេះ​មាន​ដង​វែង​ទន្ទាំ ។ ចាប៉ី​នេះ​មានមុខ​ងារ សំខាន់​៤​យ៉ាង​គឺ ៖
ទី​១-​សំខាន់​ក្នុង​វង់ភ្លេង​អារក្ស ដោយ​គេយក​ឧបករណ៍​នេះ​ទៅ​ប្រគំ​ចូល​ជាមួយ​ឧ​បករ​ណ៍​ដទៃ​ទៀតក្នុង​ពេល​ លៀងអារក្ស​ម្ដង​ៗតាំងពី​សម័យ​យូរលង់​ណាស់​មក​ហើយ ។
ទី​២-​សំខាន់​ក្នុង​ វង់ភ្លេង​ការ​បុរាណ​ដែលជា​ប្រពៃណី​របស់​ដូនតា​យើង​តាំងពី​រាប់​ពាន់ឆ្នាំ​មក ​ហើយ ។
ទី​៣-​សំខាន់​សំរាប់​កំដរ​ចំរៀង​បែបកំណាព្យ ដែល​អ្នក​ច្រៀង​ត្រេះ​ផង​ច្រៀង​ផងមាន​ប្រជាប្រិយ​បំផុត ។
ទី​៤-​សំខាន់​ ក្នុង​វង់ភ្លេង​មហោរី​សម័យដំបូង​បង្អស់ ប៉ុន្ដែ​សម័យ​បច្ចុប្បន្ន​នេះ ចាប៉ី​ដងវែង​គ្មាន​វត្ដមាន​ក្នុង​វង់ភ្លេង​មហោរី​នេះ​ទៀតទេ ។

ចាប៉ី​ដង​ វែង​របស់​យើង​មាន​លក្ខណៈ​ដូចជា ៖
ដង​ទាំង​វែង​ចែក​ចេញ​ជា​២​ឈ្មោះ គឺ​ដង និង​ប្រ​ពែ ។ ប្រ​ពែ​គឺ ចាប់ពី​ព្រ​លួត​ទៅ​ផ្នែកខាង​ចុង រីឯ​ដង គឺ​ចាប់ពី​ព្រ​លួត​ទៅ​ទល់​នឹងប្រអប់​សំនៀង ។ ដង​ធ្វើ​អំពី​ដើម​ក្រសាំង កាលពី​សម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​គេ​យកឈើ​ដទៃ​ទៀត​ដែល​មានគុណ​ភាព​ប្រហាក់ប្រហែល​នឹង ​ដើម​ក្រសាំង​មក​ធ្វើ ។
ព្រ​លួត (​បង្គាន​) មាន​២, ៣ ឬ​៤ ចាប៉ី ខ្លះ​មាន​ព្រ​លួត​២​សំរាប់​រឹតខ្សែ​សំនៀង​២, ចាប៉ី​ខ្លះ​មាន​ព្រ​លួត​៤ គឺ​សំរាប់​រឹតខ្សែ​សំនៀង ទាំង​៤​ឱ្យ​មានសំនៀង​តែ​២ ដូច​ចាប៉ី​ដែល​មានព្រ​លួត​២​ដែរ ។ ព្រ​លួត​ទាំង​អស់នោះ​ធ្វើ​អំពីឈើ​រឹង​ដូច​ជា​ឈើ​នាងនួន ឈើ​គ្រញូង​។​ល​។ មាន​ទំហំ និង​ប្រវែង​ប៉ុន​ៗ​គ្នា ។

ធរណី គឺជា​ខ្ទង់​ខ្ពស់​ជាង​ខ្ទង់​ដទៃ ដែលស្ថិត​នៅ​កៀក​នឹង​ព្រ​លួត​សំរាប់​ទ្រ​ខ្សែ​សំនៀង​ឱ្យ​ផុត​ពី​ខ្ទង់​ ទាំងឡាយ ។ ធរណី​នេះ​ច្រើន​តែបញ្ចុះ​ក្បាច់ក្បូរ​លំអ ។ ខ្ទង់​មាន​ចំនួន​ ១២​ដែល​តូច​ធំ ទាប​ខ្ពស់ ជាង​គ្នា​ជា​លំដាប់លំដោយមាន​ចន្លោះ​ពី​មួយទៅ​មួយ​តាម​កំរិត​សំនៀង​របស់​ ខ្លួន ។ គ្រប់ខ្ទង់​ទាំងអស់​មាន​ចោះ​ប្រហោង​ចំ​កណ្ដាលសំរាប់​ដោត​ខ្សែការពារ​ជ្រុះ​ បាត់ ។ ខ្ទង់ចាប៉ី គ្រប់​ចាប៉ី​ទាំងអស់​មិន​បិទ​ជាប់​ទៅ​នឹង​ដងមួយ​កន្លែង​ទេ ព្រោះ​ងាយ​នឹង​រុះរើ​បិទ​ភ្លាម​ៗ មុន​ពេល​ប្រគំ​បានជា​យ៉ាងនេះ​មក​ពី​កាលណា​បន្ទះ​កំណល់​តូច​ស្ដើង ដែល​ដាក់​កល់​ខ្សែ​ត្រង់លើ​ក្រាញ (​គីង្គក់​) ខិត​ចុះឡើង​ដើម្បី​រាវរកសំនៀង​ត្រែង​ៗ ដែល​ជា​លក្ខណៈ​សំនៀងរបស់​ចាប៉ី​ដង​វែងធ្វើ​ឱ្យ​ខ្ទង់​ទាំងឡាយ​នោះ ត្រូវ​តែ​រុះរើ​ភ្លាម​ៗ ដើម្បី​រាវរក​សំនៀង​ចំរបស់​ខ្លួន ។ គេ​ច្រើន​យក​ឈើ​រឹង ឬ​ឆ្អឹង​មក​ធ្វើ ខ្ទង់ ជួនកាល​គេ​យក​ខ្ទង់​ឫស្សី​រឹង​មក​បិទបន្ដុប​ពីលើ​ខ្ទង់​ទៀត ដើម្បី​ចៀសវាង​ការ​សឹករឹល​ឆាប់​ពេក ។

ស្នូក ឬ​ប្រអប់​សំនៀង​មាន​រាង​ដូច​ផ្លែ ម្នាស់ ស្នូក​ខ្លះ​ទៀត​មាន​រាង​ស្ទើរ​ជ្រុង​ស្ទើរ មូល ។ កាលពី​សម័យ​ដើម គេ​យក​ដើម​រាំង មក​ធ្វើ​ស្នូក បច្ចុប្បន្ន​នេះ​គេ​យក​ប្រភេទ​ឈើ ដែល​មានគុណ​ភាព​ប្រហាក់ប្រហែល​នឹង​ដើម រាំង​មក​ធ្វើ ។ សន្ទះ​ធ្វើ​អំពី​ ដើម​ខ្ទុ​ម្ព ដើម​រលួស ដើម ពពូលថ្ម ឬ​ប្រភេទ​ឈើ​ស្រាល​ផ្សេង​ៗ​ទៀត ។  ក្រាញ (​គីង្គក់​) ធ្វើ​អំពី​ឈើ​ធ្នង់ ឬ​ឈើ ផ្សេង​ទៀត ដែល​មានគុណ​ភាព​ផ្ដល់​សំនៀង បាន​ល្អ​ដូច​គ្នា ។ ចាប៉ី​ដង​វែង មាន​ខ្សែ​២ ឬ​៤ ប៉ុន្ដែ​ខ្សែ​៤ មានសំនៀង​តែ​២​ទេ ។ ខ្សែ​ទី​១ តូច​ឈ្មោះ​ថា ខ្សែ​ឯក ខ្សែ​ទី​២​ធំ​ឈ្មោះ​ថា ខ្សែ គ ។ ខ្សែ ទាំង​២​នេះ​កាលពី​សម័យ​ដើម​ធ្វើ​អំពី​សរសៃ សូត្រ​វេញ​ចូល​គ្នា ប៉ុន្ដែ​បច្ចុប្បន្ន​គេ​យក​ខ្សែ​ជ័រ នីឡុង​មក​ប្រើ​ជំនួស​វិញ ។
ក្រចក​ សំរាប់​ត្រេះ​ធ្វើ​អំពី​បន្ទះ​ស្នែង​តូច ស្ដើង​វែង ដូច​ជា​ស្នែងគោ ឬ​ក្របី​។​ល​។

ចាប៉ី​ដង​វែង​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ ប្រើ​សំនៀង​ត្រួត​ជាង​សំនៀង​រាយ ។ នៅ ពេល​ប្រគំ​បទ​ណា​ក៏​ដូច​ជា​បទ​ណា​ដែរ គេ​តែង តែ​ត្រេះ​ខ្សែ​ទាំង​២​ស្មើគ្នា ប៉ុន្ដែ​លំនាំ​សាច់​បទ គឺ​ស្ថិត​នៅ​លើ​ខ្សែ​ឯក​ដោយ​គេ​ប្រើ​ម្រាមដៃ ចុច​ចុះ​ចុច​ឡើង ទៅ​តាម​លំនាំ​នៅ​លើ​ខ្សែ​នេះ រីឯ​ខ្សែ គ គេ​ត្រេះ​បង្ហើរ​ចោល​សំរាប់​ជួយ​បន្ទរ  សាច់​បទ​ប៉ុណ្ណោះ ។  ប្រសិនបើ​គេ ​ចង់បាន​ចាប៉ី​ដង​វែង​ឱ្យ​មាន សំនៀងល្អ ឮ​ខ្លាំង គេ​ត្រូវធ្វើ​វា​តាម​ពាក្យ ស្លោក​ចាស់​បុរាណ​ថា “​ស្នូក​រាំង ដង​ក្រសាំង សន្ទះ​ខ្ទុ​ម្ព គីង្គក់​ធ្នង់ ខ្ទង់​ឆ្អឹង​” ។

ការ​បង្រៀន​ចាប៉ី​ដង​វែង​ពី​ម្នាក់​ទៅ​ ម្នាក់ ទៀត គេ​តែងតែ​ប្រើ​ភាសា​ចាប៉ី​ថា “​ត្រែង ទីង​ត្រែង ទី​រី​រែង ទីង​ត្រែង ទីង​ទីង​ត្រែង ទី​រី រែង ទីង​ត្រែង​” ។  តាម​គំនិត​ចាស់​បុរាណ ​បានឱ្យ​និមិត្ដរូប​លើ ឧបករណ៍​នេះ​ថា “​ស្នូក​តំណាង​ក្បាល​នាគ ដង តំណាង​ខ្លួន​នាគ ប្រ​ពែ​តំណាង​កន្ទុយ​នាគ​” ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)

Source: Kohsantepheapdaily http://kohsantepheapdaily.com.kh/article/20100601-184836.html