Print Friendly

ដោយ ៖ សា​ម៉​ន

ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០

ប្រជាពលរដ្ឋ​កម្ពុជា​តែង​នាំ​គ្នា​ហៅ​ទ្រ ប្រភេទ​នេះ​ថា ទ្រខ្មែរ ឬ​ទ្រ​ខ្សែ​៣ ។ ហៅ​ថា ទ្រខ្មែរ ពីព្រោះ​តាំងពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន​នេះ គេ​ឃើញ​តែ​ជនជាតិ​ខ្មែរ​ជា​អ្នក ប្រើប្រាស់​ទ្រនេះ ។ ហៅ​ថា ទ្រ​ខ្សែ​៣ ព្រោះគេ​ឃើញ​ទ្រនេះ​មាន​ខ្សែ​សំនៀង​៣ ខុស​ពី​ទ្រ ដទៃ​ទៀត​នៅ​ក្នុង​កម្ពុជា ដែល​មាន​ខ្សែសំនៀង​តែ​២ ។

ឧបករណ៍​ទ្រខ្មែរ គឺជា​ឧបករណ៍​ដែល​មានមុខងារ​សំខាន់​បំផុត​នៅ​ក្នុង​វង់ភ្លេង​អារក្ស និង​នៅ​ក្នុង​វង់ភ្លេង​ការ​បុរាណ ។ នៅ​ពេលប្រគំ​ម្ដង​ៗ ឧបករណ៍​នេះ​តែងតែ​ចេញ​ផ្ដើមបទ​មុន​ឧបករណ៍​ដទៃ ។ កាលពី​សម័យ​ដើម អ្នក​កូតទ្រ​ខ្មែរ គឺជា​អ្នក​ច្រៀង​ផង​កូត​ផង ក្រោយមក​អ្នក​ទះ​ស្គរ គឺជា​អ្នក​ច្រៀង ចុងក្រោយបង្អស់​នេះ​អ្នក​ច្រៀង​គឺជា​អ្នក​គោះ ឈិង ឬ​ជា​អ្នក​ទំនេរ​គ្មាន​កាន់​ឧបករណ៍​អ្វី​ទេ​។

តាម​ដឹង​របស់​ដូនតា​យើង​ច្រើន​តំណរ​មក ហើយលោក​ដឹង​ថា ឧបករណ៍​ទ្រខ្មែរ​នេះ​មានអាយុ​រាប់​ពាន់​ឆ្នាំ​ហើយ គឺ​មាន​តាំងពី​មុនគ្រិស្ដសករាជ​ទៅ​ទៀត នៅ​ក្នុង​តំបន់​អូ​ស្ដ្រូ​អាស៊ី​នេះ ដែល​មាន​ជនជាតិ​ខ្មែរ (​ទ្រខ្មែរ​) និងជនជាតិ​ឥណ្ឌូ​ណេ​ស៊ី (Rabab) ប្រើប្រាស់​វា ប៉ុន្ដែ​ក្រោយមក​ជនជាតិ​ថៃ​ឡង់ (សោ សាម សៃ ​So Sam Sai) ក៏​ប្រើប្រាស់​ទ្រ​ប្រភេទ នេះ​ដែរ ។ ឧបករណ៍​ទ្រខ្មែរ​ធ្វើ​ឡើង​ដោយ​មាន
-​ដង​រាង​មូ​ូ​ល​ត្រង់ តូច​ក្រោម​ធំ​លើ មានក្រឡឹង​ក្បាច់​ផ្សេង​ៗ​ជា​គ្រឿង​លំអ ។ ដង​នេះច្រើន​ធ្វើ​អំពី​ឈើ​រឹង ដូច​ជា​ឈើ​នាងនួន ឈើគ្រញូង ឬ​ឈើខ្មៅ មាន​បញ្ចុះ​ភ្លុក​ដំរី ឆ្អឹង ឬ ឈើ​ដៃខ្លា​ពណ៌​ស ជា​កង់​ៗ ដើម្បី​ឱ្យ​កាន់តែមាន​ប្រណីតភាព​ឡើង ។
-​ព្រ​លួត​មាន​៣ ធ្វើ​អំពី​ប្រភេទ​ឈើ​រឹង ដូច​ដង​ដែរ មាន​ទំហំ និង​ប្រវែង​ប៉ុនគ្នា  ជួនកាល​មាន​បញ្ចុះ​ភ្លុក ឬ​ឆ្អឹង ឬ​ឈើ​ស​នៅ​ចុងដើម ហើយ​មាន​ក្បូរក្បាច់​ជា​គ្រឿង​លំអទៀត​ផង ។
-​ប្រអប់​សំនៀង​ធ្វើ​អំពី​ ត្រឡោក​ដូង​រាង ដូច​ក្បាលដំរី គេ​យក​មួយ​ចំហៀង​បញ្ឈរ​មកធ្វើ ។ នៅ​ផ្នែក​ខាង​ខ្នង​ប្រអប់​សំនៀងមានចោះ​រន្ធ​តូច​ៗ​ជា​ក្បាច់​ផ្សេង​ៗ​សំរាប់ ​បញ្ចេញសំនៀង​មក​ក្រៅ ។ នៅ​ផ្នែក​ខាង​មុខ​ប្រអប់ មានសន្ទះ​ដែល​គេ​យក​ស្បែក​ពស់​មក​ពាស ។ នៅ​លើ​សន្ទះ​មាន​បិទ​ដុំ​ប្រមរ​មួយ​ដុំ​តូច​មូលប៉ុន​ម្រាមដៃ មានឈ្មោះ​ហៅ​ថា ដោះ ។ ដោះនេះ​សំរាប់​ធ្វើ​ឱ្យ​សំនៀង​ស្អកស្អា​ដែល​ជាលក្ខណៈ​សំនៀង​របស់​ទ្រខ្មែរ ។
-​ឆាកទ្រ​ខ្មែរ​ក៏​ដូច​ជា​ឆាកទ្រ​ដទៃ​ទៀតដែរ ប៉ុន្ដែ​ឆាកទ្រ​ខ្មែរ​ប្រើ​កូត​នៅ​ពី​ក្រៅ​ខ្សែសំនៀង ។ នៅ​ពេល​គេ​ត្រូវការ​កូត​ម្ដង​ៗ គេយក​ឆាក​មក​ផ្អឹប​ឱ្យ​ជាប់​នឹង​ខ្សែ​សំនៀង​ត្រង់គែម​ប្រអប់​ខាងលើ​ទើប​គេ​ រុញ​ទាញ​តាមទម្លាប់ ។
-​យ៉ង​ធ្វើ​អំពី​ឈើ ឬ​ឫស្សី​ដែល​មាន​រាងកោង​សំរាប់​ទ្រ​ខ្សែ​សំនៀង​ទាំង​៣​ឱ្យ​ផុត​គែមប្រអប់​ សំនៀង ។ គេ​ដាក់​យ៉ង​ខិត​មក​ផ្នែកខាងលើ​នៃ​សន្ទះ​ទន្ទឹម​គ្នា​នឹង​ដោះ ។
– ​ខ្សែ​សំនៀង​មាន​៣ ខ្សែ​ទី​១ តូច​ឈ្មោះថា ខ្សែ​ឯក ខ្សែ​ទី​២ ឈ្មោះ​ថា ខ្សែ​ភាន់ ខ្សែ​ទី៣ ធំ​ឈ្មោះ​ថា ខ្សែ គ ។ ខ្សែ​ទាំង​៣​នេះ ធ្វើ អំពី​ខ្សែ​លោហធាតុ ។
-​ខ្សែ ក ធ្វើ​អំពី​អំបោះឆៅ​ស្ថិត​នៅ​ខាងក្រោម​ព្រ​លួត​ទាំង​៣ សំរាប់​ចងខ្សែ​សំនៀងទាំង​៣ ផ្អោប​ទៅ​នឹង​ដង ។
នៅ​ពេល​កូត​ម្ដង​ៗ គេ​ប្រើ​ចុង​ម្រាមដៃ សំរាប់​ចុច​លើ​ខ្សែមិន​ប្រើ​គល់​ម្រាមដៃ​ដូចការ​ចុច​លើ​ខ្សែ​ទ្រ​ដទៃ​ឡើយ ។
តាម ​ទស្សនៈ​របស់​តន្ដ្រីករ​បុរាណ​ខ្លះ​ៗ ដែល​កាន់​ព្រះពុទ្ធ​សាសនា​បានឱ្យ​និមិត្ដរូប​ទៅលើ​ឧបករណ៍​ទ្រខ្មែរ​ថា ជា​ឧបករណ៍​តំណាង ជីវិត​មនុស្ស គឺ​តំណាង​ខន្ធប្រាំ​ដែល​ជា​ខន្ធ របស់​មនុស្ស​គ្រប់​រូប ៕
-​ផ្នែក​ខាងក្រោម​ប្រអប់​សំនៀង (​ចន្ទល់ ឬ​ជើងទ្រ​) តំណាង​រូប
-​គ្រប់​ប្រអប់​សំនៀង​ទាំងមូល តំណាង វេទនា
-​ពី ​ប្រអប់​សំនៀង​មក​ពាក់កណ្ដាល​ដង តំណាង​សញា
-​ពី​ពាក់កណ្ដាល​ដង​មក​ទល់​ ព្រ​លួត​ខាង ក្រោម តំណាង​សង្ខារ
-​ពី​ព្រ​លួត​ខាងក្រោម​មក​ដល់​ក្បាល​ខាង លើ​តំណាង​វិញាណ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)

Source: Kohsantepheapdaily http://kohsantepheapdaily.com.kh/article/20100525-194043.html