Print Friendly, PDF & Email
(Picture courtey of www.khmer4life.wordpress.com)

(Picture courtesy of www.khmer4life.wordpress.com)

មហា​សង្ក្រាន្តឆ្នាំ​ខាល ទោស័ក
ចុល្លសករាជ ១៣៧២ – មហា​សករាជ ១៩៣២
ពុទ្ធសករាជ ២៥៥៤ – គ្រឹស្តសករាជ ២០១០
សុភមស្ដុ ! វរមង្គលា​ជយាតិរេក
.
ព្រះ​ពុទ្ធសករាជ​ព្រះ​សាសនា អតិក្កន្តា​កន្លង​ទៅ​បាន ២៥៥៣ ត្រឹម​ថ្ងៃ ១៥ កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ ខាល ទោស័ក​តទៅ​ចូល​ពុទ្ធសករាជ ២៥៥៤ ។
.
នឹង​គណនា​ឆ្នាំ ខាល ឥឡូវ​នេះ​សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ពុធ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា ២០១០ វេលា​ម៉ោង ៧ និង ៣៦ នាទី ព្រឹក ។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីនរាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោវិថី ​គឺ​ផ្លូវ​កណ្ដាល ទើប​មាន​ទេពធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គនាយិកា​ព្រះ​នាម មណ្ឌាទេវី ជា​បុត្រ​ទី​បួន​នៃ​កបិល​មហាព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌ អន លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀត ផ្កា​ចម្ប៉ា អភរណៈ​ទ្រង់​ពាក់ កែវពិទូរ្យ ភក្សាហារ​ទ្រង់​សោយ ទឹកដោះ​ស្រស់ ព្រះ​ហស្ត​ស្ដាំ​ទ្រង់ ម្ជុល ព្រះ​ហស្ត​ឆ្វេង​ទ្រង់ ឈើច្រត់ ទ្រង់​គង់​ឈរ​លើ​ខ្នង គទ្រភៈ (សត្វ​លា) ដែល​ជា​ពាហនៈ ។ ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយសែន​កោដិ​ហោះ​ទៅ​កាន់ គុហា​កែវ ធម្មមាលី នា​ទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពាន​មាស នាំ​មក​ដង្ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុរាជ​តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ ចំនួន ៦០ នាទី (២៤​ម៉ោង) ។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក អនោតត្តម​មហា​ស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ដែល​ជា​មាត់​គោ ឧសភរាជ ទាំង ៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះ​រាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោរ​បង់​អពមង្គល​អោយ​ជ្រះ​ស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល ជន្មាយុ​យឺនយូរដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ​បាន​ធូរ​ទូលំ​ ទូលាយ សុខ​ក្សេមក្សាន្ត ត​រៀង​ទៅ ។
ថ្ងៃ​ពុធ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា គ្រឹស្ត​សករាជ ២០១០ វេលា ម៉ោង ៧ និង ៣៦ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំ ខាល ទោស័ក ។
.
ថ្ងៃ​ព្រហស្បតិ៍ ២ កើត ខែ​ពិសាខ​ត្រូវ​នឹង​ថ្ងៃ​ទី ១៥ ខែ​មេសា គ្រឹស្ត​សករាជ ២០១០ ជា​វារៈ វ័នបត ។
ថ្ងៃ សុក្រ ៣ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៦ ខែ​មេសា គ្រឹស្ត​សករាជ ២០១០ នៅ​វេលា​ម៉ោង ១១ និង ១៨ នាទី ៣៦ វិនាទី ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ ស្រេច​បរិបូណ៌​ចូល​ជា​សកល ឆ្នាំ ខាល ទោស័ក ចុល្លសករាជ ១៣៧២ និង​មហា​សករាជ ១៩៣២ តទៅ ។
.
ក្នុង​ឱកាស​សង្ក្រាន្ត​បី​ថ្ងៃ សូម​អស់​ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិកា​គ្រឿង​សក្ការ​បូជា អុច​ប្រទីប​ជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថីយ​ជា​ចិត្ត​អប្រីយ៍ ជាប់​ដោយ​គំនុំ​គុំគួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​អោយ​ ជ្រះ​ស្រឡះ​តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីល​ប្រាំ​អោយ​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​អោយ​ពរ សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្ដី សុភមង្គល វិបុលសុខ​គ្រប់​ប្រការ តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ ។
.

រណ្ដាប់​ទទួល​ទេវតា

រណ្ដាប់​ទទួល​នូវ​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​​ស ឬ​ស្រគាំ ហើយ​រៀប​បាយសី ៩ ថ្នាក់​មួយ​គូ បាយសី ៧ ថ្នាក់​មួយ​គូ បាយសី ៥ ថ្នាក់​មួយ​គូ បាយសី ៣ ថ្នាក់​មួយ​គូ បាយសី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹកអប់​មួយ​គូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ១ គូ ចេកនួន ចេក​ណាំវ៉ា ពីរ​ជើងពាន ផ្លែ​ឈើ ១១ មុខ រៀប​ដាក់​ជើងពាន ១១ គូ ដូងឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ ។ ឆ្នាំ​នេះ​គួរ​រក​ទឹកដោះ​ស្រស់ ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ របស់​ទេវធីតា ។
.

កំណត់​សម្គាល់

ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់​នៅ​ព្រះ​បរម​រាជវាំង ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការៈ​បូជា​ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌ កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ ។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​អោយ​បាន​ត្រឹម ៣ ឬ ៥ មុខ​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន ។ នៅ​គ្រប់​ដង្វាយ​ទាំងអស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ។
.
ដកស្រង់ចេញពីការ​ផ្សាយ​របស់​ក្រសួង​ ធម្មការ និង​សាសនា
គណៈកម្មាការ​ស្រាវជ្រាវ​ វិជ្ជា​ហោរាសាស្ត្រ​ប្រពៃណីទំនៀមទម្លាប់​ខ្មែរ និង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ