ល្ខោនស្បែករឿងព្រះសុធននាងកែវមនោរាហ៍
រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈនឹងបង្ហាញស្នាដៃល្ខោន ស្បែករឿងព្រះសុធននាងកែវមនោរាហ៍ ជាសាធារណៈនៅមុខវត្ដបទុមវតី រាជធានី ភ្នំពេញនាថ្ងៃទី៩ ឧសភា ឆ្នាំ២០១០ ដើម្បីជូនទស្សនិកជនទស្សនាកំសាន្ដ ។ លោកប៉ុក សារ៉ាន់ អនុប្រធាននាយកដ្ឋានសិល្បៈ និងទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា ល្ខោនស្បែកនៃប្រទេសកម្ពុជាត្រូវបានប្រកាសចូលជាបេតិកភណ្ឌអរូបី ពិភពលោកដោយអង្គការយូណេស្កូនាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០០៥ ។
ទំរង់ល្ខោននេះ គឺគេយករូបអាយ៉ងស្បែកមកសំដែងអមទៅដោយក្រុមតន្ដ្រីករ និងអ្នកពោល ។ នាយកដ្ឋានសិល្បៈនឹងទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការបង្ហាញជូនមហាជននូវទស្សនីយភាពល្ខោនស្បែកមានទំរង់តាម បែបបុរាណសុទ្ធសាធ ។
លោកប៉ុក សារ៉ាន់ បន្ដថា ល្ខោនស្បែកធំ មានកត្ដាពិសេសមួយ គឺកាលពីសម័យអង្គរ អ្នកស្រុកនៅខេត្ដសៀមរាបសុខចិត្ដលះបង់ពេលវេលាចុះធ្វើស្រែ ដើម្បីប្រមូលយកភោគផលជួយដល់សិល្បករ ដែលបានស្នងមរតកល្ខោនស្បែក ព្រោះពួកគេគិតថាវាជាសិល្បៈវប្បធម៌ដ៏មានតំលៃសំរាប់ជាតិសាសន៍ ខ្មែរ ។ ល្ខោនស្បែកធំនិយាយទាក់ទងទៅនឹងប្រវត្ដិ រាមកេរិ៍្ដមុនសតវត្សទី១ ដែលមានប្រភពចេញពីឥណ្ឌា ហើយត្រូវបានបុព្វបុរសខ្មែរ យើងលើកយកទៅធ្វើចម្លាក់លើជញ្ជាំងនៃ ប្រាសាទអង្គរតូច ។ តាមប្រវត្ដិនាសម័យ អង្គរល្ខោនស្បែកគេរៀបចំក្នុងពិធីធំៗដូចជា បុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ បុណ្យសំពះព្រះខែ និងបន់ស្រន់សុំទឹកភ្លៀង ឬសុំសេចក្ដីសុខ ។ ប្រការគួរឱ្យសោកស្ដាយ គឺនាសម័យនេះល្ខោនស្បែកមិនមានការពេញនិយមទេ ។ ដូច្នេះសិល្បករដែលមានជំនាញផ្នែកនេះ គឺពិបាករកប្រាក់ដើម្បីចិញ្ចឹមជីវិតណាស់ ។ ដោយឡែកសំរាប់អន្ដរជាតិវិញ គឺគេចូលចិត្ដមើលល្ខោនស្បែកនេះ ព្រោះវាបានបង្ហាញសិល្បៈបែបបុរាណ និងប្រកបដោយការច្នៃប្រឌិត និងត្រិះរិះពិចារណា ។
រឿងព្រះសុធន នាងកែវមនោរាហ៍ និទានថានៅវេលាថ្ងៃមួយនាងទេពធីតាទាំងប្រាំពីរអង្គបាននាំគ្នាចុះ មកក្រសាលនាឋានមនុស្សលោក ។ ព្រះសុធនចាប់ចិត្ដបេតីជាខ្លាំងទៅលើនាងពៅដែលស្ថិតនៅក្នុងចំណោម ទេពធីតាទាំង៧អង្គ ។ ដើម្បីឱ្យព្រះនាងមានសេចក្ដីទុកចិត្ដ និងស្រលាញ់តបវិញ ព្រះអង្គបានសន្យាធ្វើដំណើរទៅជាមួយនាង ដើម្បីរៀបអភិសេកនៅក្នុងព្រះរាជវាំង ។ ល្ខោនស្បែកដែលត្រូវសំដែងនៅមុខវត្ដ បទុមនាថ្ងៃទី៩ ឧសភា ឆ្នាំ២០១០ គឺជាល្ខោនស្បែកពណ៌ធំ និងតូច ។ ល្ខោនស្បែកតូចជាសិល្បៈប្រជាប្រិយគេច្រើនយកទៅសំដែងជារឿងនិទាន ឬរឿងស្ដីពីជីវភាពប្រចាំថ្ងៃ ។ ចំណែកល្ខោនស្បែកពណ៌ធំ គឺជាប្រភេទសិល្បៈសក្ការៈ សំរាប់ប្រើប្រាស់ តែក្នុងការសំដែងរឿងរាមកេរិ៍្ដប៉ុណ្ណោះ ។ ប្រភេទស្បែកធំនេះជាចម្លាក់នឹងថ្កល់គ្មានចលនាដៃជើង ឬហាមាត់និយាយបានឡើយ ៕
Source: Kohsantepheap Daily http://kohsantepheapdaily.com.kh/article/20100504-194917.html
ល្ខោនស្បែក
ឧកញ៉ាទេពពិទូ ក្រសេម គន្ថបណ្ឌិត រៀបរៀង
មហោស្រពភាពស្បែកល្ខោន
ការលេងមហោស្រពមួយយ៉ាងដោយប្រើរូប ស្បែក ដែលឆ្លាក់ជារូបតាមរឿង ហៅថា ភាពស្បែកល្ខោន សឹងមានលក្ខណៈប្រហែលគ្នានឹងល្ខោនមនុស្សធម្មតា ។រឿងសម្រាប់លេង គេកំណត់លេងតែរឿងដែលទាក់ទាមដោយរឿងព្រះឥសូរ ព្រះនារាយណ៍ ដូចយ៉ាងរឿងរាមកេរ្តិ៍ជាដើមដើម្បីជាកិត្តិយសដល់ព្រះជាម្ចាស់ អំបាលនោះ ដូចគ្នានឹងល្ខោនខោល រឿងឯទៀតក្រៅអំពីនេះមិនដែលមានទំនៀមទម្លាប់ទេទាំងមិនមានលេងជាប្រក្រតីដូចល្ខោនផង មានលេងម្ដងមួយកាលចំពោះតែក្នុងវេលាដែលមានពិធីបុណ្យធំ ៗ ដូចយ៉ាង បុណ្យចំរើនព្រះជន្ម នឹងបុណ្យថ្វាយព្រះភ្លើងជាដើម ។
ហេតុដែលមិនមានលេងជាប្រក្រតី មកពីរូបល្ខោនដែលសម្រាប់លេងនោះមានតែ ១ សម្រាប់ ដូចយ៉ាងទំនៀមដែលលេងក្នុងកាលឥឡូវនេះ មានតែរូបរឿងរាមកេរ្តិ៍ប៉ុណ្ណោះ ត្រូវការលេងកាលណាក៏យករូបនោះចេញលេងរាល់ដងទៅនឹងធ្វើ រូបឲ្យ ច្រើនតាមក្នុងរឿងផ្សេង ៗ ទុកលេង ក៏ចុះសោហ៊ុយច្រើនណាស់ ទាំងគ្មានទំនៀមទម្លាប់លេងដូចពោលហើយផង ហេតុនោះគេទើបលេងតែក្នុងរឿងរាមកេរ្តិ៍ដដែល ។ គ្រប់វារៈដែលលេង តែប់ទុកជាមានលេងជាប្រក្រតី ក៏គង់មិនមានមនុស្សមើលដូចល្ខោន ព្រោះភាពស្បែកនោះមិនសូវមានរសជាតិជាទីល្អមើលដូចល្ខោនមិនមានសម្ផស្សចិត្តសម្ផស្សភ្នែកដូច ល្ខោន ការដែលមានលេងម្ដង ៗ នោះច្រើនតែមនុស្សជាន់ទាបនឹងកូនក្មេងឈរមើល ។
ការដែលមានលេងម្ដង ៗ នោះ ដោយអ្នកម្ចាស់បុណ្យជួលដាច់ថ្លៃយកទៅលេងឲ្យភ្ញៀវមើល ទើបមានមនុស្សមើលច្រើន ៗប្រសិនបើយកថ្លៃពីអ្នកមើល មើលទៅគង់ជាមិនមានអ្នកមើលប៉ុន្មាននាក់ណាស់ ។
គ្រឿងភ្លេង
ឯគ្រឿងភ្លេងសម្រាប់លេងភាពស្បែកនេះ គេលេងតែវង់តូច គឺសម្ភោ ១ ស្គរធំ ១ រនាត ១ វង់ គង ១ វង់ សាឡៃ ១ ឈឹង ១ ។ ព្រោះភាពស្បែកនេះគេទុកជាតូចជាងល្ខោន ទើបចាត់គ្រឿងភ្លេងឲ្យមានតិចតែល្មមសមគួរ ។
វិធីលេងភាពស្បែក
ភាពស្បែកនេះគេលេងតែវេលាយប់ ព្រោះត្រូវការពន្លឺភ្លើងឆ្លុះរូប វេលារសៀលជិតដល់នឹងលេង គេក៏ជញ្ជូនភាពស្បែកឆាកឆ្លុះនឹងគ្រឿងភ្លេងទៅរៀបដាក់ក្នុងរោង នោះឲ្យហើយស្រេចពីវេលាថ្ងៃ ។ ដល់វេលាព្រលប់ពួកអ្នកទាំងប៉ុន្មាន គឺអ្នកជើតអ្នកចរចាអ្នកត្លុកនឹងពួកភ្លេងពិណពាទ្យក៏ទៅប្រជុំ គ្នានៅរោងនោះដើម្បីលេង ខណៈនោះម្ចាស់បុណ្យគេយកទៀន ៣ ដើមនឹងប្រាក់ ៣ ស្លឹង ជារបស់កំណល់គ្រូទៅឲ្យម្ចាស់ភាពស្បែក ៗ យកទឿន ១ ដើមចែកឲ្យទៅពិណពាទ្យ ពួកពិណពាទ្យទទួលយកទាននោះមកអុជនៅសំភោ ហើយនាំគ្នាលេងភ្លេងហោមរោង ៗ នោះតាំងភ្លេងសាធុការឡើងជាដំបូង ហើយភ្លេងច្រៈ, ឬហៅថា ត្រៈ រោទ៍ ៣ បទ ចូលក្នុង លាស្មើ ជា ៦ ភ្លេងផងគ្នា រួចហើយពិណពាទ្យក៏ឈប់ អ្នកចរចាទើបយកទៀនអុជបូជានៅភាពស្បែក ស្ដេចទាំងពីរអង្គ, ចំណែកឯមនុស្សទាំងពួងក្នុងពួកនោះក៏ហ៊ោឡើង ៣ ដង អ្នកជើតក៏លើករូបព្រះឥសូរឡើងជើតពួកអ្នកភ្លេងក៏លេងភ្លេងជើតតទៅ លំដាប់នោះអ្នកចរចាអុជទៀនបូជា ហើយក៏ថយទៅឈរនៅទីរបស់ខ្លួន ហើយលើកដៃឃាត់ពិណពាទ្យឲ្យឈប់ អ្នកចរចាក៏ពោលបទនមស្សការព្រះជាម្ចាស់ ៣ បទ តាមទំនៀម ។
វេលាចប់បទទី ១ ហើយពួកពិណពាទ្យក៏លេងភ្លេងជើតទៀត អ្នកចរចាក៏លើកដៃឃាត់ភ្លេង ហើយពោលបទទី ២ តទៅ លុះចប់ហើយអ្នកភ្លេងក៏លេងភ្លេងជើតទៀត អ្នកចរចាក៏លើកដៃឃាត់ភ្លេង ហើយក៏ពោលបទទី ៣ តទៅ ចប់ហើយអ្នកភ្លេងក៏លេងភ្លេងជើតដូចមុន ។
លំដាប់នោះអ្នករក្សាចន្លុះក៏យកចន្លុះ ៣ ដើមមកអុជបង្វិលជុំវិញជើងចន្លុះ (គឺទីសម្រាប់ដុតចន្លុះ) ៣ ជុំហើយ យកភ្លើងចន្លុះនោះទៅអុជអាចម៍ចន្លុះ ដែលគរទុកនោះ ភ្លើងក៏ឆេះថ្គោលឡើង ពួកពិណពាទ្យក៏លេងភ្លេងជើតឡើងព្រមគ្នា ចំណែកឯអ្នកចរចាក៏ចេញមកលត់ទៀនដែលបូជាស្បែក ហើយក៏ធ្វើពិធីឱមអាមសេពសំមន្តអាគមតាមទំនៀមដែលគេរៀនសូត្រមក អ្នកជើតក៏យកភាពស្បែកមកឆ្លុះម្ដងទៀត ប៉ុណ្ណេះឈ្មោះថាចប់ពិធីហ៊ុមរោងបើកមុខព្រះហើយ ។
លុះហុមរោងបើកមុខស្រេចហើយ លំដាប់នោះគេច្រើនចាប់លេងរឿងស្វាប្រចាប់គ្នា គេបញ្ចេញរូបស្វាស ១ ស្វាខ្មៅ ១ លើកជើតចេញមកពីខាងឆ្វេង ១ ពីខាងស្ដាំ ១ មកប្រចាប់គ្នាកណ្ដាលទី វេលានោះពួកភ្លេងក៏លេងភ្លេងជើត តែត្រូវផ្លុំតែស្រឡៃ ១គងនឹងរនាតឈប់បង្អង់សិន ចំណែកឯស្គរធំគេត្រូវវាយឲ្យឮទូងឡើងដែលហៅថាជើតណក គឺជើតចេញក្រៅ ស្វាទាំង ២ ស្វាទាំង ២ នោះប្រចាប់គ្នា មួយស្របក់ហើយក៏លែងគ្នាចេញទៅដោយសព្វខ្លួន រួចត្រឡប់ជើតចូលមកចាប់គ្នាទៀតជាវារៈ ២ នឹងវារៈ ទី ៣ ដូចវារៈទី ១ ភ្លេងក៏លេងដូចគ្នានឹងវារៈទី ១ ដែរ ត្រង់នេះហៅដោយឈ្មោះថា ស្វាប្រចាប់វារៈទី ១ ស្វាប្រចាប់វារៈទី២ ស្វាប្រចាប់វារៈទី ៣ ក្នុងខណៈវារៈប្រចាប់គ្នាទី ៣ នោះ គេក៏ជើតរូបស្វាស ចងស្វាខ្មៅនឹងជើតរូបឥសីចេញមក ពួកភ្លេងក៏លេងភ្លេងជើតហើយឈប់ សន្មតថាស្វាសឈ្នះស្វាខ្មៅ ចាប់ចងស្វាខ្មៅបាននាំយកមក លុះមកជួបនឹងឥសី ៗ ក៏សុំឲ្យលែងដល់មកត្រង់នេះ អ្នកចរចាក៏ចេញមកចរចាតាមរឿងតែត្រូវធ្វើសំឡេងប៉ៃឡាំ បែបយ៉ាងអ្នកស្រុកក្រៅដែលនិយាយមិនច្បាស់លុះចរចាចប់រឿងហើយ ក៏ជើតត្រឡប់ទៅវិញ ។
តែជួនកាលគេមិនលេងរឿងស្វាប្រចាប់គ្នានេះ គេចាប់លេងរឿងនាងមេខល្លា ដែលគេទុកជារឿងចាប់របាំខាងដើមរឿងដែលមិនលេងនោះ ៗ គឺជើតរូបនាងមេខល្លារាមសូរអរជនចេញមក ពួកភ្លេងក៏លេងភ្លេងជើតតាមនោះ ។ កាលលេងចប់បទហោមរោង នឹងរបាំបើករោសស្រេចដូច្នេះហើយ គេក៏ចាប់លេងសាច់រឿងតទៅ តាមប្រក្រតីច្រើនលេងរឿងរាមកេរ្តិ៍ខាងដើម ត្រង់ខរ – ទូសណ៍នឹងព្រះលក្ខណ៍ច្បាំងគ្នាព្រោះរឿងនាងស្វរបនខា ជាដើម ។ ចំណែកឯភ្លេងដែលលេងនោះ គេលេងតាមភ្លេងល្ខោនធម្មតាដូចមានពោលហើយក្នុងរឿងល្ខោន ។
វិធីធ្វើឆាកឆ្លុះ
ឆាកសំរាប់ឆ្លុះភាពស្បែកនោះធ្វើដោយសំពត់សយ៉ាងស្ដើង ហើយសាច់ជ្រាកយ៉ាងមុង គឺយកសំពត់បែបនោះមកកាត់ជាពីរផ្ទាំងដេរភ្លោះគ្នា ចង់ឲ្យតូចឬធំគប្បីធ្វើទៅតាមត្រូវការ ធ្វើជាផ្ទៃឆាកត្រង់កណ្ដាល ដើម្បីនឹងឲ្យឆ្លុះពន្លឺឃើញស្បែកនោះច្បាស់ជាយជុំវិញគេធ្វើដោយសំពត់ផាឌិបយ៉ាងក្រាស់ ដើម្បីនឹងបំបាំងភាពស្បែកនោះ ក្នុងវេលាដែលចេញលេង ដូចយ៉ាងល្ខោនចេញអំពីឆាកល្ខោន រឹមជាយទាំង ៤ នោះគេឃ្លឹបដោយសំពត់ពណ៌ផ្សេង ៗ ឯណានិមួយក៏បាន រួចដាក់ខ្សែជាច្រើនអន្លើតាមជាយនោះសំរាប់ចងត្រដាងដូចយ៉ាងឆាក ឆ្លុះកុន ឆាកនោះបួនជ្រុងស្មើប្រវែងទំហំ ៧ ហត្ថក៏មាន ១១ ហត្ថក៏មានស្រេចហើយនូវត្រូវការ ។
របស់បូជាគ្រូ
កាលនឹងធ្វើរូបទាំង ៣ នេះ តោងរៀបរបស់ដង្វាយគ្រូតាមទំនៀម គឺបាយសីប៉ាក់ឆាម ១ គូ ក្រយាបួស គឺបាយមហូបចំណីក្រៀមក្រស់ដែលមិនលាយដោយគ្រឿងចំអាបត្រី សាច់ជា ដើម ១ សំរាប់នឹងក្បាលជ្រូកស្ងោរ ១ ប្រាក់បិទទាន ៦ បាទ ។ របស់អម្បាលនេះកាលបូជាគ្រូរួចហើយត្រូវ បានទៅអ្នកគូរឆ្លាក់ ។ លុះឆ្លាក់រួចហើយគេលាបជា ៣ ពណ៌ផ្សេងគ្នា គឺរូបព្រះឥសូរលាបពណ៌លឿងខ្ចី ឬបិទមាសក៏បាន រូបព្រះរាយណ៍លាបពណ៌ខៀវ ហើយគូរជាក្បាច់រចនាតាមគ្រឿងសំលៀកបំពាក់ឲ្យល្អវិចិត្រជាងរូបទាំងពួង ព្រោះរូបទាំង ៣ នេះជារបស់ខំខាន់សំរាប់យកមកលេងបើករោងជាដំបូង ។
វិធីធ្វើភាពស្បែក
វិធីដែលនឹងធ្វើភាពស្បែកនោះ គេយកស្បែកគោមកត្រាំទឹកឲ្យទន់ហើយ យកទៅហាលថ្ងៃឲ្យស្ងួត រួចយកដែកមានមុខមុតមកកោសទាំងសងខាង ឲ្យស្ដើងនឹងឲ្យរាបស្មើសាច់ ទើបយកទឹកខ្មៅដែលលាយដោយធ្យូងបាតឆ្នាំង ឬធ្យូងធាងដូងបុកលាយនឹងទឹកហើយយកមកលាបស្បែកនោះឲ្យ សព្វទាំងសង ខាង ប្រមាណមើលខ្មៅល្អហើយ យកទៅហាលថ្ងៃឲ្យស្ងួតកាលស្ងួតហើយគេខាត់ឲ្យរលើបល្អហើយ បើមិនចេះគូររូបខ្លួនឯង គេរកជាងដែលចេះគូររូបល្អ ៗ មកគូរជារូបផ្សេង ៗ តាមរឿងនោះ គូរហើយត្រូវមើលសព្វគ្រប់ ឃើញថាមិនទាស់ហើយ ទើបដាប់ឆ្លាក់ដោយដែកគ្រឿងឆ្លាក់សឹងមានមុខនឹងសណ្ឋានផ្សេង ៗ មានពន្លាកនឹងដែកក្រចកជាដើម ។ កាលឆ្លាក់បានច្រើនផ្ទាំងល្មមលេងបានហើយ គេទើបជ្រលក់ ឬ កោសកែឲ្យមានពណ៌ផ្សេង ៗ តាមដែលត្រូវការ គឺបើត្រូវការពណ៌ស ឲ្យកោសល្បប់ខ្មៅដែលលាបនោះចេញឲ្យអស់ហើយ ក៏ទៅជាពណ៌ស បើចង់ឲ្យមានពណ៌ខៀវ ឲ្យយកចុណដុះលាយនឹងទឹកផ្លែក្រូចឆ្មា លាបទៅក៏ជាពណ៌ខៀវ, បើចង់ឲ្យមានពណ៌ក្រហម ឲ្យយកទឹកស្បែងនឹងសាច់ជូរលាយគ្នាលាប ក៏ជាពណ៌ក្រហម, បើចង់ឲ្យមានពណ៌លឿង ឲ្យយកទឹកស្បែងលាយនឹងទឹកក្រូចឆ្មាលាបដុះ ៗ ទៅក៏ជាពណ៌លឿង ។ កាលជ្រលក់ពណ៌ដូច្នេះស្រេចហើយ ទើបយកឈើបួនចំរៀកមកគាបសងខាងធ្វើជាមេសម្រាប់កាន់ដើរទៅមករាល់ ៗ រូបនោះទៅ ។
ភាពស្បែកដែលឆ្លាក់ជារូបហើយនោះ មានបញ្ញត្តឈ្មោះថាផ្សេង ៗ គឺភាពដែលជារួមដើរ មិនថាមនុស្សយក្ស ឬ ស្វា ហៅថា”ភាពបទចរ” ទាំងអស់ ។ ភាពដែលជារូបហោះហើរ មិនថា មនុស្សយក្ខ ឬស្វា ហៅថា “ភាពហោះ” ទាំងអស់ ។ ភាពដែលផ្ជុំពលរៀបពលសម្រាប់ហែស្ដេច ឬលើកទ័ពចេញទៅ មិនថា មនុស្ស ឬ យក្ខ ឬ ស្វា ហៅថា “ភាពរេហ៍ពល” ទាំងអស់ (ពួកនេះសៀមហៅថា “ខេន” ។ ក្រៅអំពីនេះមានរូបភាពផ្សេង ៗ ទៀតជាច្រើន សឹងពុំអាចរៀបរាប់ឲ្យសព្វគ្រប់បាន ។
ក៏តែក្នុងរូបអម្បាលនោះ មានរូប ៣ ជាសំខាន់ក្នុងរឿងភាពស្បែកគឺ រូបព្រះឥសូរ ១, រូបព្រះនារាយណ៍ ១ រូបព្រះឥសី ១ រូបទាំង ៣ នេះ ហៅថា “ភាពស្ដេច” ឬ “ស្បែកស្ដេច” ជាធំជាប្រធានលើរូបទាំងពួង ។ ភាពស្បែកស្ដេចនេះកាលនឹងធ្វើឡើងតោងលំបាកបន្តិច គឺរូបព្រះ ២ អង្គនោះ គេរើសរកស្បែកគោងាប់ដែលត្រូវខ្មោចព្រាយធ្វើមកធ្វើ រូបឥសី គេយកស្បែកខ្លាធំ ឬខ្លាឃ្មុំមកធ្វើ បើបានស្បែកដូច្នេះមកធ្វើ គេកាន់ថាជារបស់ពូកែសក្ដិសិទ្ធិ ។ រូបទាំង ៣ នេះ កាលនឹងធ្វើអ្នកធ្វើត្រូវស្លៀកសពាក់ស ហើយត្រូវប្រញាប់គុរនឹងដាប់ឆ្លាក់ឲ្យហើយក្នុងថ្ងៃនោះ កុំឲ្យកន្លងរាត្រីទៅបាន ។
Source: Distributor Vatana KHOEURN http://cambodiameet.com/pg/pages/view/23631/
Leave a Reply