Print Friendly

ដកស្រង់ចេញពីកម្មវិធីផ្សាយរបស់វិទ្យុអូស្ត្រាលីខេមរភាសា 13:07:10, 14 July 2011

សកលវិទ្យាល័យ​នគរ​ជ័យស្រីនៅ​ក្រុង​ព្រះខ័ន​នា​សម័យ​អាណាចក្រ​អង្គរ​។ រូប​ថត​ដោយ​លោក​បណ្ឌិត​​សាស្រ្ដា​ចារ្យ​ សម្ពោធ ប្រសើរសិរី។
សកលវិទ្យាល័យ​នគរ​ជ័យស្រីនៅ​ក្រុង​ព្រះខ័ន​នា​សម័យ​អាណាចក្រ​អង្គរ​។ រូប​ថត​ដោយ​លោក​បណ្ឌិត​​សាស្រ្ដា​ចារ្យ​ សម្ពោធ ប្រសើរសិរី។

​សម្រាប់​ថ្ងៃ​នេះ របាយ​ការណ៍​វិទ្យា​សាស្រ្ដ​របស់​យើង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ធម្មតា​បន្ដិច ដោយ​នាំ​មក​នូវ​ការ​ស្រាវ​ជ្រាវ​ដែរ ប៉ុន្ដែ​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​ប្រវត្ដិសាស្រ្ដ​នៃ​ការ​អប់រំ​របស់​ ខ្មែរ​នា​សម័យ​អាណាចក្រ​អង្គរ​។ អ្នក​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ជំនាន់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នៅគ.ស ១១៨១-១២១៥ ដែល​អាណាចក្រ​ខ្មែរ​កាល​សម័យ​នោះ មាន​សកល​វិទ្យា​ល័យ​ដល់​ទៅ​២ នៅ​ក្រុង​អង្គរ។ សកល​វិទ្យាល័យ​មួយ​មាន​ឈ្មោះ​ថា សកល​វិទ្យាល័យ​រាជ​វិហារ (Rajavihara University) នៅ​ក្នុង​ក្រុង​តាព្រហ្ម​។ ហើយ​មួយ​ទៀត​មាន​ឈ្មោះ​ថា សកល​វិទ្យាល័យ​នគរ​ជ័យសិរិ (Nagara Jayasri University) នៅ​ក្រុង​ព្រះខ័ន។ ការ​ដែល​ខ្មែរ​ដឹង​ថា មាន​សកលវិទ្យា​ល័យ​ទាំង​នេះ គឺ​ដោយ​សារ​មាន​ចារ​នៅ​ក្នុង​សិលាចារឹក​នៅ​តាម​ប្រាសាទ​របស់​ខ្មែរ​ សព្វថ្ងៃ។

សកល​វិទ្យាល័យ​ខ្មែរ​ទាំង​នេះ មាន​អាយុ​ចំណាស់​ជាង​សកល​វិទ្យា​ល័យ​ល្បី​នៅ​អឺរ៉ុប​ឈ្មោះ Sorbonne នៅ​ក្រុង​ប៉ារីស​ដែល​បាន​បង្កើត​ឆ្នាំ​១២០០ និង​សកល​វិទ្យាល័យ​ Harvard ដែល​បាន​បង្កើត​ឆ្នាំ​១៦៤០ នៅ​អាម៉េរិក​ដំបូង​គេ​ទៅ​ទៀត​។ តើ​កាល​នោះ សកល​វិទ្យា​ល័យ​ខ្មែរ​ទាំង​នោះ​មាន​បង្រៀន​ជំនាញ​ និង​មុខ​ជំនាញ​អ្វី​ខ្លះ? ហើយ​សិស្ស​ខ្មែរ​កាល​នោះ​មាន​សមត្ថភាព​​ចេះដឹង​ពូកែ​ប៉ុណ្ណា​នៅ​ក្នុង​ការ​ ជួយ​កសាង​អាណាចក្រ​ខ្មែរ​ឲ្យ​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​តំបន់​អាស៊ី? លោក​ ឃុន អាឡិច បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​នឹង​លោក​បណ្ឌិត​សាស្រ្ដាចារ្យ​ខាង​ប្រវត្ដិ​ សាស្រ្ដ​ខ្មែរ​ម្នាក់​ដែល​សព្វ​ថ្ងៃ​រស់នៅ​ក្រុង​បាង​កក​ប្រទេស​ថៃ​ ដើម្បី​ឲ្យ​លោក​ជួយ​បក​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​ស្រាវ​ជ្រាវ​នេះ។ លោក​បណ្ឌិត​សាស្រ្ដាចារ្យ​គឺជា​ខ្មែរ​សុរិន្ទ​ដែល​មាន​ឈ្មោះ​ថា សម្ពោធ ប្រសើរ​សិរី ដែល​សព្វ​ថ្ងៃ​នេះ ចូល​និវត្ដិ​ហើយ​តែ​នៅ​តែ​បម្រើការ​ជាមួយ​អង្គការ​មនុស្ស​ធម៌​មួយ​ចំនួន​។ ប៉ុន្ដែ​ជា​ដំបូង​ មុន​នឹង​ចូល​ដល់​សាច់​រឿង​សំខាន់​សូម​អញ្ជើញ​មិត្ដ​អ្នកស្ដាប់​ស្គាល់​ ប្រវត្ដិ​របស់​លោក​ស្រ្ដាចារ្យ​ប្រសើរ​សិរី​សិន។

(សំឡេង​លោកបណ្ឌិត​សាស្រ្ដាចារ្យ សម្ពោធ ប្រសើរ​សិរី)

រូបចម្លាក់ ដំរី ក្បាល បី នា សម័យ អង្គរ ដែល ជា វត្ថុបុរាណ ខ្មែរ ដែល ភូមា បានវាយ យក ទៅ ប្រទេស របស់គេ ។ រូប ថត ដោយ លោក សាស្រ្ដាចារ្យ សម្ពោធ ប្រសើរសិរី។

លោក​សាស្រ្ដាចារ្យ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ និង​ជិត​ដិត​ជា​មួយ​នឹង​ប្រទេស​ចិន​អស់​ពេល​ជា​យូរ​សតវត្សរ៍​ណាស់​មក​ហើយ។ ហើយ​ក៏​បាន​ជួយ​ប្រទេស​ចិន​បក​ប្រែ​គម្ពីរ​ព្រះត្រ័យ​បដក​ពី​ភាសា​បាលី​ទៅ​ ជា​ភាសា​ចិន​ផងដែរ។ ប្រទេស​ខ្មែរ​មាន​​ទំនាក់​ទំនង​ជាមួយ​ចិន​តាំង​ពី​ គ.ស ឆ្នាំ​២៤២​ មកម្ល៉េះ។ ក្រៅ​ពី​នោះ លោក​ថា ព្រះ​ពុទ្ធ​សាសនា​នៅ​តំបន់​អាស៊ី​ ជា​ពិសេស​ប្រទេស​ជិត​ខាង​កម្ពុជា​មាន​ដល់​សព្វ​ថ្ងៃ​គឺ​ដោយ​សារតែ​ស្នាដៃ​ របស់​ខ្មែរ​ផង​ដែរ ដោយ​សារកាល​ពីជំនាន់​មុន​ពួក​ឥស្លាម បាន​វាយ​ប្រហារ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ឥណ្ឌា តែ​ខ្មែរ​វិញ​មិន​មាន​សង្រ្គាម​សាសនា​ជាមួយ​ឥស្លាម​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្មែរ​អាច​រក្សា​ពុទ្ធ​សាសនា​បាន​ ហើយ​​ខ្មែរក៏​​មាន​ជំនាញ​ខាងធម្ម​សាស្រ្ដ, ​ភាសា​បាលី និង​សំស្រ្កិត​ស្ទាត់​ជំនាញ​​ទៀត​ផង​។

ម្យ៉ាងទៀត​សោត​លោក​សាស្រ្ដចារ្យ​ក៏​បាន​ឲ្យ​ដឹង​ដែរថា កម្ពុជា​មាន​ប្រវត្ដិ​សាស្រ្ដ​យូរ​លង់​ណាស់​មក​ហើយ ដោយ​សារ​នៅ​ភូមា​សព្វថ្ងៃ​នេះ នៅ​វត្ដ​មហាមុនី​នៅក្រុង​ម៉ាន់​ដាឡេ​ប្រទេស​ភូមា​ក៏​មាន​វត្ថុ​បុរាណ​របស់​ ខ្មែរ​ទៅ​នៅ​ទីនោះ​ដែរ ដែល​កាល​សម័យ​មុន​ប្រទេស​ភូមា​បាន​ឈ្នះ​សង្រ្គាមពីថៃ ហើយ​រីឯថៃ​វិញ​បាន​ឈ្នះ​សង្រ្គាម​ពី​ខ្មែរ​ ហើយ​យក​វត្ថុ​បុរាណ​នោះ​​​ទៅ​ជា​មួយ។ វត្ថុបុរាណ​ទាំង​នេះ ដែល​ធ្វើ​ពី​ស្ពាន់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ខ្មែរ​សម័យ​នោះ​ក៏​មាន​ការ​រីក​ចម្រើន​ខាង​គីមីសាស្រ្ដ ឬ​ក៏ខាង​លោហធាតុ​សាស្រ្ដ​ផងដែរ។

រយៈពេល៖ ៣១នាទី ៤៩វិនាទី
វាគ្មិន៖ លោក​បណ្ឌិត​សាស្រ្ដាចារ្យ សម្ពោធ ប្រសើរសិរី អ្នក​ប្រវត្ដិសាស្រ្ដ​ខ្មែរ​។
អ្នក​ផលិត៖ ឃុន អាឡិច