សម្ភារៈសំណង់ប្រាសាទខ្មែរ

ក. ភ្នំ ចាត់ចូលជាវត្ថុធាតុដើម​មួយនៃ​សំណង់ប្រាសាទ ។ ​ភ្នំត្រូវបានគេចោះ ​ឬលុង​ដើម្បីបងើ្កត​ជា​ប្រាសាទ ។ ​ជញ្ជាំងថ្មភ្នំត្រូវបានគេ​យក​ធ្វើជាជញ្ជាំងប្រាសាទ ។ ​ភស្តុតាងនេះ​ត្រូវបាន​គេ​អះ​អាង​ថា​មាន​ការទទួល​ឥទ្ធិពលពីប្រទេសឥណ្ឌា ។

ខ. ការប្រើប្រាសឥដ្ឋធ្វើជាសម្ភារៈ​សំណង់​ប្រាសាទ​ត្រូវរក​ឃើញ​តាំងពី​ដើមសតវត្ស​ទី ១​ នៃគ្រិស្តសករាជ​ ដែលមានលក្ខណៈធំវែង​ ​ពណ៌ក្រហម​ គុណភាព​ហាក់ដូចជាដុតបានល្អ ​ឬ​ជ្រៀកចេញពីផ្ទាំងសិលាភ្នំ ។​ ប្រាសាទសង់​ពីឥដ្ឋភាគ​​ច្រើន​រកឃើញ​នៅក្នុង​សម័យ​នគរភ្នំ​ និង​ចេនឡា ។​ នៅក្នុងសតវត្សទី ៧​ មានការប្រើប្រាសឥដ្ឋត្រឹមត្រូវ​ និង​មានបចេ្ចកទេស​ល្អ​រួច​ទៅហើយ ។​ លុះដល់​សតវត្សទី ​១៣​ មានការប្រើប្រាស់​ឥដ្ឋ​សាជា​ថ្មីទៀត​បន្ទាប់ពី​បាន​បោះបង់​មួយរយៈមក ។

ក្រៅពីឥដ្ឋការប្រើ​ប្រាស​ក្បឿង​ត្រូវបាន​រក​ឃើញ​ដោយ​សារមាន​សេស​សល់​កំទេច​កំទី​ក្បឿងនៅតាម​កន្លែង​ប្រវត្តិសាស្ត្រ​ជាច្រើន​ក្នុង​ទឹកដីខ្មែរយើង ។​ បន្ទាប់ពីក្បឿង​គេ​ឃើញ​មាន​ការប្រើប្រាស់សំណផងដែរ ។

គ. ឈើ ជាសម្ភារៈ​សំណង់មួយ​ បន្ទាប់​បន្សំ​ក្នុងការកសាងប្រាសាទ ។​ ឈើភាគច្រើន​គេ​យកទៅធើ្វក្លោង​ទ្វារ​ បង្អូច ​ប៉ុណ្ណោះ ​ក្រៅពីនេះ​គេយក​ទៅធ្វើជា​កំណល់​លើក​ដាក់វត្ថុ​ធ្ងន់ៗ ។​ គេនិយមប្រើឈើ​ក្នុងសម័យ​នោះមាន៖ ​តាត្រាវ ​គគីរ​ ផ្ចឹក​ សុក្រំ​ ។ល។

ឃ. ថ្មបាយក្រៀម ប្រើប្រាសសំខាន់​ក្នុង​ផ្នែកលំនឹង​ទ្រតួប្រាសាទ ព្រោះភាគច្រើន​គេយក​ទៅ​ធ្វើជា​គ្រឹះប្រាសាទ​ ខឿនប្រសាទ ​ឬកំផែង​ប្រាសាទ ។​ ថ្មបាយក្រៀម​មានជាតិ​ដែក​ពណ៌​ក្រហម​ក្រម៉ៅ​មានលក្ខណៈ​ដូចពពុះ​សាប៊ូ​ ឬ​ដូចបាយ​ក្រៀម ​នៅក្នុង​ដីថ្មបាយក្រៀម​ផុយអាច​លុង​បាន​ពេល​យកចេញ​មកក្រៅ​ទុក​យូរ​ទៅ​កាន់តែ​រឹងទៅ ។​ ជូនកាល​ទៀត ​ក្រៅពី​ប្រើ​ប្រាស​ក្នុង​សំណង់ប្រាសាទ​ ​ថ្ម​បាយ​ក្រៀម​អាច​យកទៅ​ឆ្លាក់ជា​រូប​សំណាក់​ផ្សេងៗ​ ​តែមិនសូវល្អ​ដូច​ថ្ម​ភក់ទេ ។

ង.​ ថ្មភក់ ជាប្រភេទថ្ម​ដែលមាន​លាយខ្សាច់ល្អិតៗ​ ព៌ណប្រផេះ​ ខ្លះទៀត​ព៌ណ​ស្វាយ​ ឬ​ផ្កា​ឈូក ។​ ថ្មភក់មានលក្ខណៈ​មិនសូវ​រឹងមាំ ​មិនអាច​ធុន​នឹងពេលវេលា​ប៉ុន្មានទេ ។​ គេយកថ្ម​ភក់​ទៅក្រាល​ធ្វើជា​កំរាល​ក្នុងបន្ទប់​ប្រាសាទ ​ឬផ្លូវដើរទៅ​កាន់ប្រាសាទ​តូចធំ​ ជួនកាលទៀត​ ធ្វើជា​ក្របទ្វារ ​ឬបង្អូច​តូចធំ​ និង​ជញ្ជាំងប្រាសាទ ។​ ថ្មភក់អាចកសាងរូប​បដិមា​ផ្សេងៗ​ ប្រកបដោយ​ប្រណិតភាព​ តែងាយបែកបាក់ណាស់ ។

ច. ខ្សាច់ ជាវត្ថុធាតុដើម​សំខាន់ណាស់​ក្នុង​ការសាងសង់​ប្រាសាទ ។​ គេយកខ្សាច់បុក​បង្ហាប់​ ធ្វើជាគ្រឹះមុននឹង​ដាក់ថ្ម​បាយក្រៀម​សង្កត់​ពីលើ​ ដើម្បីសាង​ជា​ខឿន​ប្រាសាទ ។​ ចំណុច​សំខាន់​មួយទៀត​ ខ្សាច់ម៉ត់លាយជាមួយ​កំបោរ​ ឬ​ស្ករត្នោត​ដើម្បី​ឲ្យ​បាន​ជា​បាយអ បូក​ ឬ​ផ្សា​ជញ្ជាំង​ប្រាសាទ​ និង​តួ​ប្រាសាទ​ទាំងមូល ។

  • Share/Bookmark