បណ្ឌិត Vs. បណ្ឌិត្យ
១.បណ្ឌិត មានន័យថា៖
១.១ ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌។
១.២ អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ តាមទម្លាប់ខ្មែរក្នុងសម័យបុរាណដែលគេគោរពព្រះពុទ្ធសាសនាណាស់, សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួសថ្មីៗ គេក៏ហៅអ្នកនោះថា បណ្ឌិត ដែរ, ហៅក្លាយមកថា បន្ទិត, ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស មានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ។
១.៣ អ្នកមានវិជ្ជាថ្នាក់ខ្ពស់ដែលមានសញ្ញាបត្របណ្ឌិត ( Doctorat ឬ Ph.D.) តាមឈ្មោះនៃឯកទេសរបស់គេ ដូចជា វេជ្ជបណ្ឌិត, បណ្ឌិតសេដ្ឋកិច្ច, បណ្ឌិតច្បាប់, បណ្ឌិតទស្សនវិជ្ជា…។
ពាក្យ បណ្ឌិត ត្រូវនឹងពាក្យអង់គ្លេសថា sage, wiseman, learned person or a person who holds a doctor’s degree។
២. បណ្ឌិត្យ មានន័យថា ភាវៈនៃបណ្ឌិត; សភាព, ស្ថាន, ទី, តំណែងនៃបណ្ឌិតដូចជា បណ្ឌិត្យសភា, រាជបណ្ឌិត្យស្ថាន ឬ រាជបណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យ ជាដើម ។
ពាក្យ បណ្ឌិត្យ ត្រូវនឹងភាសាអង់គ្លេសថា institute ឬ academy.
©២០១៥ ចងក្រងដោយ ប៉ា ច័ន្ទរឿន
បណ្តាញបកប្រែកម្ពុជា www.ctlink.net, ctlink.cambodia@gmail.com
ឯកសារពិគ្រោះ៖ ជួន ណាត .(១៩៦៧). វចនានុក្រមខ្មែរ. ពុទ្ធសាសនបណ្ឌិត្យ
Leave a Reply