Print Friendly

ខាងក្រោម​ជា​អត្ថបទសង្ខេបស្តីពីជីវិតរបស់ លោក ប៉ែន សុវណ្ណ ដែល​បានរៀបរៀងដោយ​អ្នក​សារព័ត៌មានវិទ្យុអាស៊ីសេរី៖

លោក ប៉ែន សុវណ្ណ ជា​អ្នក​នយោបាយ​លេចធ្លោ​មួយ​រូប​នៅ​ក្នុង​សង្គម​កម្ពុជា កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ និង​ដើម​ទសវត្ស​ឆ្នាំ​១៩៨០។ ការ​លេច​ធ្លោ​របស់​លោក គឺ​ដោយសារ​តែ​លោក​ជា​មេដឹកនាំ​មួយ​រូប​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា កៀក​ស្មា​គ្នា​ជាមួយ​កងទ័ព​វៀតណាម វាយ​លុក​ចូល​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩ ហើយ​វៀតណាម បាន​លើក​បន្តុប​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​ថ្មី​គឺ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ពេល​នោះ។

លោក ប៉ែន សុវណ្ណ ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ពី​ចុង​ខែ​មិថុនា ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​១៩៨១។ សម័យកាល​ដែល​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ គឺ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។

ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ឆ្នាំ​២០០៧ លោក ប៉ែន សុវណ្ណ ឲ្យ​ដឹង​ថា លោក​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៣៦ នៅ​ភូមិ​ចានទាប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ ដែល​ធ្វើ​ស្រែ​តិចតួច និង​លក់​កម្លាំង​ពលកម្ម។ លោក​ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន ៧​នាក់។

នៅ​អាយុ ១០​ឆ្នាំ លោក​ចាក​ចេញ​ពី​គ្រួសារ​ទៅ​នៅ​ស៊ី​ឈ្នួល​មើល​គោ​ឲ្យ​គ្រួសារ​អ្នក​មាន​មួយ។ ដោយសារ​ការ​រស់​នៅ​ទី​នោះ​លំបាក លោក​ក៏​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះសង្ឃ​នៅ​វត្ត​ផ្ចឹកជ្រំ រហូត​ដល់​វ័យ ១៥​ឆ្នាំ។

លោក​បាន​ចូល​ប្រឡូក​ក្នុង​ចលនា​នយោបាយ​ដោយ​មិន​បាន​ដឹង​ខ្លួន​នៅ​ឆ្នាំ​១៩៥០ (ថ្ងៃ​ទី​៣ ខែ​កុម្ភៈ)  គឺ​នៅ​ពេល​លោក​ចូល​រួម​ចលនា​តស៊ូ​ឥស្សរៈ​តាម​ការ​ពន្យល់​របស់​ម្ដាយ​លោក ដែល​យល់​ថា ​ចលនា​នោះ​ជា​ចលនា​ល្អ។ ក្នុង​វ័យ ២៤​ឆ្នាំ លោក ប៉ែន សុវណ្ណ ថ្លែង​ថា ពេល​នោះ​លោក​មិន​យល់​ពី​បញ្ហា​នយោបាយ​ឥណ្ឌូចិន ៣​ប្រទេស​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​ដឹង​ថា លោក​ត្រូវ​ចូលរួម​ចលនា​វាយ​បណ្ដេញ​ពួក​អាណានិគម​និយម​ឈ្លានពាន​ក្រៅ​ប្រទេស វាយ​រំលំ​របប​ជិះជាន់​ប្រជាពលរដ្ឋ​កសិករ​ប៉ុណ្ណោះ។

លោក​មើល​ឃើញ​ថា អាណានិគម​របស់​អធិរាជ​ជប៉ុន និង​បារាំង ពេល​នោះ​បាន​ធ្វើ​បាប​ជិះជាន់​ពលរដ្ឋ​កម្ពុជា ហើយ​ពួក​ឥស្សរៈ​ដែល​ចូល​មក​ក្នុង​ភូមិ​របស់​លោក​ចេះ​ជួយ​យក​អាសា​អ្នក​ស្រុក៖ «ខ្ញុំ​យល់​តែ​មួយ​ទេ គឺ​ត្រូវ​រួម​ចំណែក​តស៊ូ​វាយ​បណ្ដេញ​ពួក​អាណានិគម​និយម​ឈ្លាន​ពាន​ក្រៅ​ប្រទេស និង​រំលំ​របប​ជិះ​ជាន់​ប្រជាពលរដ្ឋ​កសិករ។ កាល​ហ្នឹង​នយោបាយ គឺ​ខ្ញុំ​អត់​ដឹង​សោះ​ថា ប្រទេស​ណា​ជា​ប្រទេស​ណា ខ្ញុំ​ពេល​នោះ​នៅ​តូច ដឹង​ស្ថានភាព​នៅ​ប្រទេស​តែ​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​បាន​អា​ហ្នឹង​ហើយ ខ្ញុំ​កំណត់​ឃើញ​ថា ចលនា​របស់​ឥស្សរៈ​មាន​គោលដៅ​មួយ​វាយ​បណ្ដេញ​ពួក​អាណានិគម​ក្រៅ​ប្រទេស អា​ហ្នឹង​គឺ​បារាំង ហើយ​វាយ​វណ្ណៈ​ជិះជាន់ កាល​ហ្នឹង​ខ្ញុំ​ហៅ​ថា វណ្ណៈ​សក្ដិភូមិ​ជិះជាន់​សង្កត់សង្កិន​ប្រជាពលរដ្ឋ​ក្រីក្រ»

លោក​បញ្ជាក់​ថា ក្រុម​ឥស្សរៈ​ដែល​លោក​ចូល​រួម​នោះ គឺ​ជា​ក្រុម​របស់​តា ម៉ុក ដែល​លោក​ស្គាល់​ឈ្មោះ​ផ្សេង​ទៀត​ថា ឈិត ជឿន អ៊ុង ជឿន និង ឯក ជឿន។ លោក​បាន​ធ្លាប់​ជា​ធ្វើ​ការងារ​ចម្រុះ និង​ជា​អង្គរក្ស​របស់​តា ម៉ុក ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣។

ក្រោយ​ពេល​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពី​បារាំង (សន្ធិសញ្ញា​ឯករាជ្យ​ក្រុង​ហ្សឺណែវ) នៅ​ឆ្នាំ​១៩៥៤ លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​យុវជន យុវនារី​ចំនួន ១.០៤០​នាក់ ដែល​ត្រូវ​បាន​មេ​ចលនា​កុម្មុយនិស្ត​ឥស្សរៈ​ភូមិភាគ​និរតី គឺ​តា ម៉ុក បញ្ចុះបញ្ចូល​ឲ្យ​ទៅ​រៀន​វិជ្ជាជីវៈ​យោធា​នៅ​ខេត្ត​ថាញ់វ៉ា (Thanh Hoa) វៀតណាម​ខាង​ជើង៖ «គេ​យក​ខ្ញុំ​ទៅ​បណ្ដុះបណ្ដាល​នាយ​ទាហាន​ថ្នាក់​ក្រោម គឺ​នាយ​ទាហាន​ត្រឹម​កងអនុសេនាតូច។ ខ្ញុំ​បាន​ចូល​បណ្ដុះបណ្ដាល​នាយ​ទាហាន​ហ្នឹង គេ​ឲ្យ​ខ្មែរ​ពួក​ខ្ញុំ​ហ្នឹង​មួយ​ក្រុម​ជំនាញការ​កងទ័ព​ជើងគោក​ទំនើប​មាន​ខ្ញុំ​ហ្នឹង មាន​គ្នា ៥៤​នាក់។ ៥៤​នាក់​ហ្នឹង ខ្ញុំ​ទៅ​ដំបូង គេ​ឲ្យ​រៀន​ភាសា​វៀតណាម អក្សរ​វៀតណាម ដើម្បី​ចូលរៀន​បច្ចេកទេស»

លោក​ថា មូលហេតុ​ជំរុញ​លោក​នៅ​ពេល​នោះ ទោះ​ជា​អាណានិគម​បារាំង បាន​ចាក​ចេញ​ពី​កម្ពុជា ពិត​មែន ប៉ុន្តែ​វណ្ណៈ​ជិះជាន់​នៅ​តែ​មាន។

នៅ​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្ដម សីហនុ ឆ្នាំ​១៩៧០ លោក​ត្រូវ​បាន​ពួក​កុម្មុយនិស្ត​ខ្មែរ ទាក់ទង​ទៅ​វៀតណាម ខាង​ជើង​បញ្ជូន​ពួក​លោក​មក​ជួប​ក្រុម​កុម្មុយនិស្ត​កម្ពុជា ដូច​ជា លោក អៀង សារី អ្នកស្រី អៀង ធីរិទ្ធ និង​លោក ទីវ អុល ជា​ដើម។ ពេល​នោះ លោក​ត្រូវ​បាន​គេ​ចូល​ទៅ​ក្នុង​ក្រសួង​ឃោសនាការ​របស់​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​មាន​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ព្រះ​ប្រធាន នៅ​តាម​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។

លោក ប៉ែន សុវណ្ណ អះអាង​ថា លោក​ជា​អ្នក​និពន្ធ និង​ជា​អ្នក​បកប្រែ​ភាសា​វៀតណាម នៅ​ក្នុង​វិទ្យុ​ផ្សាយ​សំឡេង​នៃ​ក្រសួង​ឃោសនាការ​ចលនា​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​នោះ ដែល​មាន​ជំនាញ​ការ​វៀតណាម គ្រប់គ្រង​បច្ចេកទេស៖ «អា​រឿង​និពន្ធ​អត្ថបទ រឿង​បក​ប្រែ​ពី​ខ្មែរ​ទៅ​វៀតណាម ពី​វៀតណាម ទៅ​ខ្មែរ គឺ​ខ្ញុំ​ពូកែ។ ខ្ញុំ​មើល​កាសែត​វៀតណាម បក​ចេញ​ខ្មែរ​តែ​ម្ដង។ គេ​ឃើញ​ខ្ញុំ​ពូកែ គេ​យក​ខ្ញុំ​ធ្វើ​បច្ចេកទេស ដើម្បី​ជួយ​វិទ្យុ​ផ្សាយ​សំឡេង​វៀតណាម ហើយ​និង​ជួយ​មន្ត្រី​គេ ដែល​អាន​អក្សរ​មិន​ត្រូវ ឬ​ថា​តែង​អត់​ត្រូវ ឲ្យ​ខ្ញុំ​ជួយ​តម្រង់​ជំនាញការ​គ្រូ​បង្រៀន​គេ​ហ្នឹង ជួយ​បង្រៀន​គេ​ឲ្យ​ចេះ​បច្ចេកទេស​សរសេរ​អក្សរ​ខ្មែរ និពន្ធ​អក្សរ​ខ្មែរ ផ្សាយ​សំឡេង​វៀតណាម»

លោក​គេច​ចេញ​ពី​ពួក​កុម្មុយនិស្ត​ខ្មែរ​ក្រហម នៅ​ដើម​ឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​លោក​ទទួល​ដំណឹង​ថា ពួក​ទាំង​នោះ​មាន​ផែនការ​ចង់​សម្លាប់​លោក។ លោក​បន្ត​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម រហូត​ដល់​ឆ្នាំ​១៩៧៩។

ក្នុង​បទ​សម្ភាសន៍​របស់​លោក ប៉ែន សុវណ្ណ តែង​តែ​អះអាង​ថា លោក​ជា​អ្នក​ប្រមូល​ឥស្សរជន និង​អ្នក​តស៊ូ​កម្ពុជា ដែល​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​បង្កើត​ចលនា​រំដោះ​ពលរដ្ឋ​កម្ពុជា ពី​កណ្ដាប់​ដៃ​ពួក​ខ្មែរ​ក្រហម ប៉ុល ពត។ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ចលនា​កសាង​កម្លាំង​នយោបាយ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​១៩៧៨។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែល​មាន​ឈ្មោះ​ថា ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

លោក ប៉ែន សុវណ្ណ ក៏​ជា​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។ លោក​ធ្លាប់​ត្រូវ​បាន​វៀតណាម បញ្ជា​ឲ្យ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ទីក្រុង​ហាណូយ អស់​រយៈ​ពេល ១០​ឆ្នាំ ក្នុង​ពេល​ដែល​លោក​ជា​ប្រធាន​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន។ លោក​ថ្លែង​ថា ការ​ចាប់​ខ្លួន​លោក​ពេល​នោះ គឺ​ដោយសារ​តែ​លោក​លើក​ឡើង​អំពី​បញ្ហា​វៀតណាម រំលោភ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យ​កម្ពុជា។

លោក​ចង់​ឲ្យ​វៀតណាម និង​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បង្កើត​គណៈកម្មការ​បណ្ដោះអាសន្ន​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​ចូល​មក​កម្ពុជា។ លោក ប៉ែន សុវណ្ណ អះអាង​ថា អ្នក​ដែល​ប្រឆាំង​សំណើសុំ​របស់​លោក​ខ្លាំង​ជាង​គេ គឺ​លោក ហ៊ុន សែន ដោយ​ចាត់​ទុក​គំនិត​របស់​លោក ប៉ែន សុវណ្ណ ថា ជា​ទស្សនៈ​ជាតិ​និយម​ចង្អៀតចង្អល់​ហួសហេតុ។ លោក​ត្រូវ​បាន​វៀតណាម ដាក់​ក្នុង​គុក​ងងឹត និង​ធ្វើ​ទារុណកម្ម​គំរាមកំហែង​ផ្លូវ​ចិត្ត​ពី​កម្មាភិបាល​វៀតណាម។ លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដោះលែង​វិញ​ក្រោយ​ពី​ជាប់​ពន្ធនាគារ​បាន ១០​ឆ្នាំ។

ទាក់ទង​នឹង​ការ​កសាង​គ្រួសារ​វិញ លោក ប៉ែន សុវណ្ណ ឲ្យ​ដឹង​ថា លោក​រៀបការ​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម នៅ​ឆ្នាំ​១៩៦៥ គឺ​ក្នុង​ពេល​ដែល​លោក​កំពុង​រៀន​នៅ​វៀតណាម ខាង​ជើង។ ទាំង​លោក និង​កូន​របស់​លោក​តែង​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា ប្រពន្ធ​របស់​លោក​ជា​កូន​អ្នក​ដឹកនាំ​វៀតណាម៖ «សុំ​បញ្ជាក់​ថា ប្រពន្ធ​ហ្នឹង​ជា​ប្រភព​ជា​ជន​ក្រីក្រ​របស់​វៀតណាម នៅ​ទីក្រុង​ហាណូយ។ អាជីព​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដេរ​ខោអាវ​ឲ្យ​សហជីព​សហគ្រាស​ណា​មួយ​នោះ ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ ហើយ​គេ​ថា ជា​កូន​ជា​ចៅ ឡេ ដឹកថ (Le Duc Tho) ជា​កូន​ជា​ចៅ​លោក​តា ផាម វ៉ាន់ដុង (Pham Van Dong) អ្នក​ហ្នឹង​ហើយ​ខំ​ពូត​ទឹក​ឲ្យ​ទៅ​ជា​ដុំ។ ពាក្យ​នេះ​ខ្ញុំ​បដិសេធ​ចោល»

លោក​បន្ត​ថា មុន​រៀបការ លោក និង​ប្រពន្ធ​លោក​បាន​ព្រមព្រៀង​គ្នា​ថា លោក​ទុក​ប្រយោជន៍​ជាតិ​ខ្ពស់​ជាង​គ្រួសារ​ប្រពន្ធ​កូន។

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​យល់​ឃើញ​ថា សកម្មភាព​របស់​លោក ប៉ែន សុវណ្ណ បង្ហាញ​ថា លោក​បាន​គិត​គូរ​ពី​ប្រយោជន៍​ខ្មែរ​ខ្ពស់ ទើប​ធ្វើ​ឲ្យ​លោក​ត្រូវ​ចាប់​ដាក់គុក​ច្រវាក់ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ក្រោយ​ចេញ​ពី​គុក លោក​បាន​បង្កើត​គណបក្ស​នយោបាយ​ប្រកួត​ការ​បោះ​ឆ្នោត​មួយ នៅ​ឆ្នាំ​១៩៩៨ ឈ្មោះ​ថា គណបក្ស​ទ្រទ្រង់​ជាតិ។ ប៉ុន្តែ​គណបក្ស​លោក​មិន​បាន​ទទួល​អាសនៈ​នៅ​សភា​ទេ។ ក្រោយ​មក លោក​បាន​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា នៅ​ឆ្នាំ​២០០៧។

សរុប​មក​លោក ប៉ែន សុវណ្ណ បាន​ចំណាយ​ពេល​បី​ភាគ​បួន​នៃ​ជីវិត​របស់​លោក​ចូល​ប្រឡូក​នយោបាយ​ម្ដង​លិច​ម្ដង​អណ្ដែត។ ទី​បំផុត ពេល​ដែល​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី រួបរួម​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកួត​ការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ លោក​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​កំពង់ស្ពឺ រហូត​ដល់​ពេល​មរណភាព​របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦៕

សូមចុចនៅលើសៀវភៅដើម្បី​អាន​ជីវប្រវត្តិទាំងស្រុងរបស់លោក ប៉ែន សុវណ្ណ៖pen-sovann