មហាសង្ក្រាន្តឆ្នាំខាល ទោស័ក
(Picture courtesy of www.khmer4life.wordpress.com)
មហាសង្ក្រាន្តឆ្នាំខាល ទោស័ក
ចុល្លសករាជ ១៣៧២ – មហាសករាជ ១៩៣២
ពុទ្ធសករាជ ២៥៥៤ – គ្រឹស្តសករាជ ២០១០
សុភមស្ដុ ! វរមង្គលាជយាតិរេក
ចុល្លសករាជ ១៣៧២ – មហាសករាជ ១៩៣២
ពុទ្ធសករាជ ២៥៥៤ – គ្រឹស្តសករាជ ២០១០
សុភមស្ដុ ! វរមង្គលាជយាតិរេក
.
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៥៣ ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំ ខាល ទោស័កតទៅចូលពុទ្ធសករាជ ២៥៥៤ ។
.
នឹងគណនាឆ្នាំ ខាល ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃពុធ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ២០១០ វេលាម៉ោង ៧ និង ៣៦ នាទី ព្រឹក ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រទីបួននៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចម្ប៉ា អភរណៈទ្រង់ពាក់ កែវពិទូរ្យ ភក្សាហារទ្រង់សោយ ទឹកដោះស្រស់ ព្រះហស្តស្ដាំទ្រង់ ម្ជុល ព្រះហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់ឈរលើខ្នង គទ្រភៈ (សត្វលា) ដែលជាពាហនៈ ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០ នាទី (២៤ម៉ោង) ។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំ ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោ ឧសភរាជ ទាំង ៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោរបង់អពមង្គលអោយជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំ ទូលាយ សុខក្សេមក្សាន្ត តរៀងទៅ ។
ថ្ងៃពុធ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០១០ វេលា ម៉ោង ៧ និង ៣៦ នាទីព្រឹក ជាថ្ងៃចូលឆ្នាំ ខាល ទោស័ក ។
.
.
ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ្រឹស្តសករាជ ២០១០ ជាវារៈ វ័នបត ។
ថ្ងៃ សុក្រ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ្រឹស្តសករាជ ២០១០ នៅវេលាម៉ោង ១១ និង ១៨ នាទី ៣៦ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំ ខាល ទោស័ក ចុល្លសករាជ ១៣៧២ និងមហាសករាជ ១៩៣២ តទៅ ។
ថ្ងៃ សុក្រ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ្រឹស្តសករាជ ២០១០ នៅវេលាម៉ោង ១១ និង ១៨ នាទី ៣៦ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំ ខាល ទោស័ក ចុល្លសករាជ ១៣៧២ និងមហាសករាជ ១៩៣២ តទៅ ។
.
ក្នុងឱកាសសង្ក្រាន្តបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់អោយ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំអោយបានជាប់ជានិច្ច នោះទើបទេវតានឹងអោយពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
.
រណ្ដាប់ទទួលទេវតា
រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ ឆ្នាំនេះគួររកទឹកដោះស្រស់ ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា ។
.
កំណត់សម្គាល់
ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបអោយបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។
.
ដកស្រង់ចេញពីការផ្សាយរបស់ក្រសួង ធម្មការ និងសាសនា
គណៈកម្មាការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រប្រពៃណីទំនៀមទម្លាប់ខ្មែរ និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
Leave a Reply