អាណាចក្រខ្មែរសម័យអង្គរមានសកលវិទ្យាល័យធំ២ដែលកើតមុនសកលវិទ្យាល័យល្បីនៅបារាំង និងអាម៉េរិកទៅទៀត
ដកស្រង់ចេញពីកម្មវិធីផ្សាយរបស់វិទ្យុអូស្ត្រាលីខេមរភាសា 13:07:10, 14 July 2011
សម្រាប់ថ្ងៃនេះ របាយការណ៍វិទ្យាសាស្រ្ដរបស់យើងមានលក្ខណៈខុសប្លែកពីធម្មតាបន្ដិច ដោយនាំមកនូវការស្រាវជ្រាវដែរ ប៉ុន្ដែទាក់ទងនឹងការស្រាវជ្រាវប្រវត្ដិសាស្រ្ដនៃការអប់រំរបស់ ខ្មែរនាសម័យអាណាចក្រអង្គរ។ អ្នកប្រវត្ដិសាស្រ្ដខ្មែរបានឲ្យដឹងថា កាលពីជំនាន់ព្រះបាទជ័យវរ្ម័នទី៧ នៅគ.ស ១១៨១-១២១៥ ដែលអាណាចក្រខ្មែរកាលសម័យនោះ មានសកលវិទ្យាល័យដល់ទៅ២ នៅក្រុងអង្គរ។ សកលវិទ្យាល័យមួយមានឈ្មោះថា សកលវិទ្យាល័យរាជវិហារ (Rajavihara University) នៅក្នុងក្រុងតាព្រហ្ម។ ហើយមួយទៀតមានឈ្មោះថា សកលវិទ្យាល័យនគរជ័យសិរិ (Nagara Jayasri University) នៅក្រុងព្រះខ័ន។ ការដែលខ្មែរដឹងថា មានសកលវិទ្យាល័យទាំងនេះ គឺដោយសារមានចារនៅក្នុងសិលាចារឹកនៅតាមប្រាសាទរបស់ខ្មែរ សព្វថ្ងៃ។
សកលវិទ្យាល័យខ្មែរទាំងនេះ មានអាយុចំណាស់ជាងសកលវិទ្យាល័យល្បីនៅអឺរ៉ុបឈ្មោះ Sorbonne នៅក្រុងប៉ារីសដែលបានបង្កើតឆ្នាំ១២០០ និងសកលវិទ្យាល័យ Harvard ដែលបានបង្កើតឆ្នាំ១៦៤០ នៅអាម៉េរិកដំបូងគេទៅទៀត។ តើកាលនោះ សកលវិទ្យាល័យខ្មែរទាំងនោះមានបង្រៀនជំនាញ និងមុខជំនាញអ្វីខ្លះ? ហើយសិស្សខ្មែរកាលនោះមានសមត្ថភាពចេះដឹងពូកែប៉ុណ្ណានៅក្នុងការ ជួយកសាងអាណាចក្រខ្មែរឲ្យមានការរីកចម្រើនខ្លាំងនៅតំបន់អាស៊ី? លោក ឃុន អាឡិច បានធ្វើបទសម្ភាសន៍ជាមួយនឹងលោកបណ្ឌិតសាស្រ្ដាចារ្យខាងប្រវត្ដិ សាស្រ្ដខ្មែរម្នាក់ដែលសព្វថ្ងៃរស់នៅក្រុងបាងកកប្រទេសថៃ ដើម្បីឲ្យលោកជួយបកស្រាយបំភ្លឺជុំវិញការស្រាវជ្រាវនេះ។ លោកបណ្ឌិតសាស្រ្ដាចារ្យគឺជាខ្មែរសុរិន្ទដែលមានឈ្មោះថា សម្ពោធ ប្រសើរសិរី ដែលសព្វថ្ងៃនេះ ចូលនិវត្ដិហើយតែនៅតែបម្រើការជាមួយអង្គការមនុស្សធម៌មួយចំនួន។ ប៉ុន្ដែជាដំបូង មុននឹងចូលដល់សាច់រឿងសំខាន់សូមអញ្ជើញមិត្ដអ្នកស្ដាប់ស្គាល់ ប្រវត្ដិរបស់លោកស្រ្ដាចារ្យប្រសើរសិរីសិន។
(សំឡេងលោកបណ្ឌិតសាស្រ្ដាចារ្យ សម្ពោធ ប្រសើរសិរី)
លោកសាស្រ្ដាចារ្យបានឲ្យដឹងថា ប្រទេសកម្ពុជាមានទំនាក់ទំនងល្អ និងជិតដិតជាមួយនឹងប្រទេសចិនអស់ពេលជាយូរសតវត្សរ៍ណាស់មកហើយ។ ហើយក៏បានជួយប្រទេសចិនបកប្រែគម្ពីរព្រះត្រ័យបដកពីភាសាបាលីទៅ ជាភាសាចិនផងដែរ។ ប្រទេសខ្មែរមានទំនាក់ទំនងជាមួយចិនតាំងពី គ.ស ឆ្នាំ២៤២ មកម្ល៉េះ។ ក្រៅពីនោះ លោកថា ព្រះពុទ្ធសាសនានៅតំបន់អាស៊ី ជាពិសេសប្រទេសជិតខាងកម្ពុជាមានដល់សព្វថ្ងៃគឺដោយសារតែស្នាដៃ របស់ខ្មែរផងដែរ ដោយសារកាលពីជំនាន់មុនពួកឥស្លាម បានវាយប្រហារពុទ្ធសាសនានៅប្រទេសឥណ្ឌា តែខ្មែរវិញមិនមានសង្រ្គាមសាសនាជាមួយឥស្លាមទេ ជាហេតុធ្វើឲ្យខ្មែរអាចរក្សាពុទ្ធសាសនាបាន ហើយខ្មែរក៏មានជំនាញខាងធម្មសាស្រ្ដ, ភាសាបាលី និងសំស្រ្កិតស្ទាត់ជំនាញទៀតផង។
ម្យ៉ាងទៀតសោតលោកសាស្រ្ដចារ្យក៏បានឲ្យដឹងដែរថា កម្ពុជាមានប្រវត្ដិសាស្រ្ដយូរលង់ណាស់មកហើយ ដោយសារនៅភូមាសព្វថ្ងៃនេះ នៅវត្ដមហាមុនីនៅក្រុងម៉ាន់ដាឡេប្រទេសភូមាក៏មានវត្ថុបុរាណរបស់ ខ្មែរទៅនៅទីនោះដែរ ដែលកាលសម័យមុនប្រទេសភូមាបានឈ្នះសង្រ្គាមពីថៃ ហើយរីឯថៃវិញបានឈ្នះសង្រ្គាមពីខ្មែរ ហើយយកវត្ថុបុរាណនោះទៅជាមួយ។ វត្ថុបុរាណទាំងនេះ ដែលធ្វើពីស្ពាន់ឆ្លុះបញ្ចាំងឲ្យឃើញថា ខ្មែរសម័យនោះក៏មានការរីកចម្រើនខាងគីមីសាស្រ្ដ ឬក៏ខាងលោហធាតុសាស្រ្ដផងដែរ។
—
រយៈពេល៖ ៣១នាទី ៤៩វិនាទី
វាគ្មិន៖ លោកបណ្ឌិតសាស្រ្ដាចារ្យ សម្ពោធ ប្រសើរសិរី អ្នកប្រវត្ដិសាស្រ្ដខ្មែរ។
អ្នកផលិត៖ ឃុន អាឡិច
Dear poster
i really want to download this Mp3 can you tell me how to get it!
Thank.
Somanin