Print Friendly, PDF & Email

unnamed (1)

បរិវារស័ព្ទ គឺ​ជា បរិវារ + ស័ព្ទ = ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវារ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិរោះ​ផ្ដួល​តាម​សម្លេង​ស័ព្ទ​ដើម​ឲ្យ​មាន​សភាព​ ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណស័ព្ទ ពន្យល់​យ៉ាង​ច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង។

បរិវាសព្ទ​តាម​ក្រុម​​អក្សរ

ក្រុមអក្សរ ក

កកិច​កកុច : ពាក្យ​​នេះ​​មាន​​អត្ថន័យ​​ប្រហាក់​​ប្រហែល​​គ្នា​​នឹង​​ពាក្យ​​កិចកុក​​ដែរ គឺ​​បង្ក​​រឿង​​ហេតុ​​ដោយ​​មាន​​គំនិត​​ក្រឡេច​​ក្រឡុច ។​ អាស្រ័យ​​ហេតុ​នេះ​ បរិវារស័ព្ទ “កកុច” អាច​គន្លាស់​បាន​ជា​ពាក្យ “កកុច​ដោយ​មាន​គំនិត​ក្រឡុច​ក្រឡេច” ពោល​គឺ​ “កកិច​ដោយ​មាន​គំនិត​ក្រឡេច​ក្រឡុច” ។ អ្នក​ខ្លះ​ប្រើ​ពាក្យ​នេះ​ថា “កកិច​កកុក” ។
កក្អាក​កក្អាយ​ : កក្អាយ​​ដោយ​​សើច​​សាបាក គឺ​កក្អាក​​ដោយ​​សើច​​សប្បាយ ។
កញ្ឆក់កញ្ឆែង : ចាប់ទាញកន្ត្រាក់ដោយឥតគួរប្រណី ។ បរិវារស័ព្ទៈ កញ្ឆែង​ដោយឥតកោតក្រក់ គឺកញ្ឆក់​ដោយឥតកោតក្រែង ។
កណ្តោចកណ្តែង : ត្រមោចឯកឯងក្នុងទីស្ងាត់ ។ បិរវារស័ព្ទៈ កណ្តែងតែម្នាក់អោច គឺកណ្តោចតែម្នាក់ឯង ។
កម្ទេចកម្ទី : កម្ទីជាធូលិច គឺកម្ទេចជាធូលី ។
កាក់កប : កាក់គ្រប់ដំណប គឺកបគ្រប់ដំណាក់ ។
កៀនកោះ : កោះចន្លៀនគឺកៀនចន្លោះ ។
កំប្លុកកំប្លែង : កំប្លុកថ្លែង គឺកំប្លែងថ្លុក ។
កំព្រីកំព្រា : កំព្រីដោយឥតមេជា គឺកំព្រាដោយឥតមេជី ។
ក្តីក្តាំ : ក្តាំព្រោះប្រកាន់រៀងខ្លួនតាមចំណី គឺក្តីព្រោះប្រកាន់រៀងខ្លួនតាមចំណាំ ។
ក្បាច់ក្បូរ : គេច្រើនប្រើពាក្យនេះក្នុងវគ្គ “មិនដឹងជាក្បាច់ក្បូរអ្វីទេ! ឬចេះតែក្បាច់ក្បូរណាស់” ដែលយើងអាចបកស្រាយថា ពុំមានការចាំបាច់អ្វីឡើយ! ឬពុំចាំបាច់ទេ! ដូច្នេះបរិវាស័ព្ទ ក្បូរអាចគន្លាស់បានជាពាក្យ ក្បូរចាំដាច់ គឺក្បាច់ចាំដូរ ។
ក្បាលក្បូង : ក្បូងដូចលលាដ៍ដាល គឺក្បាលដូចលលាដ៍ដូង ។
ក្មេងក្មាង : ក្មាងអ្នកជិតខេង គឺក្មេងអ្នកជិតខាង ។
ក្រវេក្រវូ : ជាគ្រាមភាសាមានន័យថារវល់ ឈឺឆ្អាល ។ ក្រវេរឿងរបស់កូ គឺក្រវូរឿងរបស់គេ ។
ក្រីក្រ : ជនក្រីក្រជាជនខ្សត់ខ្សោយលំបាកណាស់ មិនថាតែសម្បត្តិទេ គឺរហូតដល់តំរិះវិជ្ជាផង ។ល។ បរិវារស័ព្ទ : ក្រីអប្រ គឺក្រអប្រិយ ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រឡាញ់រាប់អាន ។

ក្រុមអក្សរ ខ

ខ​ខិតខង​ខិត : តាម​វចនានុក្រម​ខ្មែរ​បាន​សេចក្ដី​ថា ប្រកាន់​ទុក ចំណាំ​ទុក​នូវ​របស់​អ្វី​មួយ​ថា​ជា​របស់​ខ្លួន ដោយ​ដាក់​សញ្ញា​ជា​សម្គាល់ ។ ឃ្មុំ​នេះ​មាន​គេ​ខខិត​ហើយ ។ មាន​អ្នក​ស្រុក​ខ្លះ​ប្រើ​ពាក្យ ខខិត​ នេះ​ថា ខងខិត វិញ ។ ពាក្យ​ ខងខិត​ ដូចជា​សមរម្យ​ជាង​ពាក្យ ខខិត ព្រោះ​បរិវារស័ព្ទ​ “ខង” អាច​គន្លាស់​បាន​ជា​ពាក្យ “ខង​ទុក​ជា​ទ្រព្យ​ក្នុង​មួយ​របិត” គឺ “ខិត​ទុក​ជា​ទ្រព្យ​ក្នុង​មួយ​របង” ពោល​គឺ​ជា​ទ្រព្យ​ជាប់​បំណង មាន​ម្ចាស់​គេ ហាក់​ដូចជា​ទ្រព្យ​មួយ​នៅ​ក្នុង​របង​ផ្ទះ ។
ខាប់ខណ្ឌខណ្ឌខាប់ : តាមវចនានុក្រមបានសេចក្ដីថា ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា ។ ទីចង្អៀតខាប់ខណ្ឌ មនុស្សច្រើនពាន់ឈរខាប់ខណ្ឌតាន់តាប់ ។ បរិវារស័ព្ទ “ខាប់” អាចគន្លាស់បានជាពាក្យ “ខាប់ច្រើនពាន់ចង្អៀតតាប់តាន់” គឺ “ខណ្ឌច្រើនពាន់ចង្អៀតតាន់តាប់” ។
ខិតខំ : ខិតធ្វើការឲ្យអស់ពីចំ គឺខំធ្វើការឲ្យអស់ពីចិត្ត ។
ខ្ជះខ្ជាយ : ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ ។
ខ្នល់ខ្នើយ : ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់ ។
ខ្លាំងក្លា : ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ ។
ខ្វល់ខ្វាយ : ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ ។
ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ ។

ក្រុមអក្សរ គ

គិតគូរ : គូរដើម្បីឲ្យធិត គឺគិតដើម្បីឲ្យធូរ ។
គំរោះគំរើយ : គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ ។
គ្រាំគ្រា : ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម ។ បរិវារសព្ទ : គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា ។

ក្រុមអក្សរ ឃ

ឃោរឃៅ : កាចខ្លាំងឥតមេត្តាប្រណី ។ បរិវារសព្ទ : ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ ។

ក្រុមអក្សរ ង

ងងឹតងងល់ : ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់ ។
ងរងក់ : ងក់មួយសំប៊រ គឺងរមួយសំបក់ ។

ក្រុមអក្សរ ច

ចង្អៀតចង្អល់ : ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់ ។
ចានក្បាន : ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន ។
ចែចង់ : ចែល្បូងឲ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឲ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍ ។
ចែចូវ : ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ ។
ចំណីចំណុក : ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ ។

ក្រុមអក្សរ ឆ

ឆោមឆាយ : ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ ។
ឆ្មើងឆ្មៃ : ឆ្មៃវាយឫកឲ្យមានតម្លើង គឺឆ្មើងវាយឫកឲ្យមានតម្លៃ ។
ឆ្លេឆ្លា : ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ ។
ឆ្អែតឆ្អន់ : ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់ ។

ក្រុមអក្សរ ជ

ជាតិជៅ : រសជាតិ​សំខាន់​ដែល​មាន​ប្រចាំ​ក្នុង​អាហារ ក្នុង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ ឬ​ក្នុង​តម្រេក ។ល។ សម្ល​នេះ​មាន​ជាតិជៅ​ណាស់ ។ បរិវារសព្ទ : ជៅ​នេះ​អ្នក​ប្រាជ្ញ​បុរាណ ប្រហែល​ជា​មាន​គំនិត​ប្រដូច​ទៅ​នឹង​រសជាតិ​ដ៏​សំខាន់ ពិសេស​ជាង​គេ​ក្នុង​លោក​ ពោល​គឺ រសជាតិ​ឆ្ងាញ់​មួយ​ប្រភេទ ក្នុង​តម្រេក ដូច្នេះ បរិវារសព្ទ ជៅ​នេះ​យើង​អាច​ដោះស្រាយ​បាន​ជា​វគ្គ​មួយ​ថា​ ៖ ជៅ​នៅ​កៀន​ភ្លាត គឺ​ជាតិ​នៅ​កៀន​ភ្លៅ ពោល​គឺ​មាន​តែ​រសជាតិ​កន្លែង​នេះ​ហើយ​ដែល​មាន​ឱជារស​សំខាន់​ជាង​គេ​ក្នុង​លោក ។
ជ្រុលជ្រួស : ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស ។
ជ្រោមជ្រែង : ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម ។
ជំទាវជំទោក : ជំទោក​បាន​មក​ពី​ស្នាវ គឺ​ជំទាវ​បាន​មក​ពី​ស្នូក (ប្រដាប់​ភេទ) ។ នេះ​គឺ​ជា​ពាក្យ​បន្តុះ​បង្អាប់​ដល់​មនុស្ស​ស្រី​មួយ​ចំនួន​ដែល​គ្មាន​ចំណេះ​វិជ្ជា ឬ គោរម្យងារ​ត្រឹម​ត្រូវ​តាម​​ព្រះ​រាជក្រិត្យ ប៉ុន្តែ​ចង់​ឲ្យ​ប្រជាជន​ហៅ​ពួក​គេ​ថា លោក​ជំទាវ ។ ស្ត្រី​ទាំង​នោះ​ជា​មនុស្ស​​មាន​មោទនភាព​ខ្ពស់​ក្រៃ​ពេក ប្រើប្រាស់​អំណាច​របស់​ប្តី​ជា​មន្ត្រី, ​ទ្រព្យ​សម្បត្តិ​ និង បក្សពួក ដើម្បី​ជិះជាន់​ គំរាមកំហែង កេង​ប្រវញ្ច​ប្រជាជន​ស្លូតត្រង់​តាម​អំពើ​ចិត្ត ។ ដូច្នេះ​ទើប​ប្រជាជន​នាំ​គ្នា​ប្រើពាក្យ​ទាំង​នេះ​ពីក្រោយ​ខ្នង ឧទាហរណ៍ “​បុណ្យ​ចូល​ឆ្នាំ​នៅ​វត្ត​យើង​ឆ្នាំ​នេះ​មាន​ ពួក​អាច់ម៉ាដុំ (ឯកឧត្តម) អ្នក​មីនាង (ស្ត្រី​ជាប់​ខ្សែ​ស្តេច) និង ជំទាវជំទោក​ ច្រើន​គរ​ដឹក​មក​ចូលរួម” ។ យោង​តាម​សៀវភៅ​វចនានុក្រម​សម្តេច​សង្ឃរាជ​ ជួន ណាត ពាក្យ​ ជំទាវ គឺ​ជា​ បណ្តា​ស័ក្តិ​សម្រាប់​ស្ត្រី​ជា​ភរិយា​សេនាបតី ដោយ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ប្រោស​ព្រះ​រាជទាន​តាំង ឧទាហរណ៍ លោក​ជំទាវ (លោក​ស្រី) ។ បណ្តាស័ក្តិ​នេះ ទោះ​បី​ភរិយា​របស់​មន្ត្រី​ស័ក្តិ​ ១០ ហ៊ួរ​ពាន់​ឯ​ទៀត​ៗ ក្រៅ​ពី​សេនាបតី​ក៏​ដោយ, ស្រេច​នឹង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត, បើ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជទាន​តាំង​ក៏​បាន ។ ពាក្យ​នេះ កាល​ពី​ក្នុង​សម័យ​បុរាណ ប្រហែល​ជា​ហៅ​ ចាំ​ទាវចំ​ទាវ ទេ​ដឹង ? ព្រោះ​បាន​សង្កេត​ឃើញ​ថា ប្រហែល​ក្លាយ​មក​ពី​ពាក្យ​សៀម​សម័យ​បុរាណ​យូរ​អង្វែង​ហើយ​ថា ប្រៈចាំទាវ (អាន​ថា ប្រាក់ចាំថាវ) ប្រែ​ថា “ប្រចាំ​ជើង” ឬ ហ្យិង​ប្រៈចាំ​ទាវ (អាន​ថា យិង​ប្រាក់ចាំ​ថាវ) ប្រែ​ថា “​ស្ត្រី​ប្រចាំ​ជើង” គឺ​ស្ត្រី​អ្នក​នៅ​ប្រចាំ​ការ​បម្រើ​ជិត​ជើង​ស្វាមី (ភរិយា), ជា​ពាក្យ​ប្រែ​ចេញ​មក​អំពី​​ភាសា​សំស្ក្រឹត និង បាលី ថា បាទបរិចារិកា ? ​

ក្រុមអក្សរ ឈ

ឈូឆរ : ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរ ឬឆរទៅស្រ៊ូ គឺឈូទៅស្រ ។

ក្រុមអក្សរ ញ

ញាប់ញ័រ : ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់ ។
ញញឹមញញែម : ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម ។

ក្រុមអក្សរ ដ

ដាច់ដោច : ដោចល្ហាច់ គឺដាច់ល្ហោច ឬដាច់ហិនហោច ។
ដំណែដំណឹង : ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ ។

ក្រុមអក្សរ ឋ

ឋិតថេរ : ថេរបានយូរជាកាលកិត គឺឋិតបានយូរជាកេរកាល ។

ក្រុមអក្សរ ត

តាក់តែង : តាក់ឲ្យបានល្អចែង គឺតែងឲ្យបានល្អជាក់ ។
តឹងតែង : តែងឲ្យដូចខ្សែខ្លឹងគឺតឹងឲ្យដូចខ្សែខ្លែង ។
តូចតាច : តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច ។
តាចគ្មានអំណូច គឺតូចគ្មានអំណាច ។
ត្រាណត្រើយ : ត្រាណអវសោយ គឺត្រើយអវសាន ។
ត្រួតត្រា : ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ ។
ត្អូញត្អែរ : ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ ។

ក្រុមអក្សរ ថ

ថ្កុំថ្កើង : ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម ។
ថ្នាក់ថ្នម : ថ្នាក់មិនឲ្យអម គឺថ្នមមិនឲ្យអាក់ ។
ថ្លោះធ្លោយ : ធ្លោយដោយមានការបណ្តែតបណ្តោះ គឺថ្លោះដោយមានការបណ្តែតបណ្តោយ ។

ក្រុមអក្សរ ទ

ទាក់ទង : ទងឲ្យត្រូវតាមទំនាក់ គឺទាក់ឲ្យត្រូវតាមទំនង ។
ទូលំទូលាយ : ទូលំធាយ គឺទូលាយធំ ។

ក្រុមអក្សរ ធ

ធនធាន : ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ ។
ធ្ងន់ធ្ងរ : ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ ។

ក្រុមអក្សរ ន

នឹកនា : នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា ។
នឹងនរ : នរ​ជំហឹង គឺ​នឹង​ជំហរ ។
នែបនិត្យ : និត្យឲ្យជែប គឺនែបឲ្យជិត ។

ក្រុមអក្សរ ប

បន្លែបន្លុក : បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ ។
បីបម : បមដោយថ្នី គឺបីដោយថ្នម ។
ប្រែប្រួល : ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល ។

ក្រុមអក្សរ ផ

ផូរផង់ : ផង់ដោយត្រចូរ គឺផូរដោយត្រចង់ ។
ផ្តេកផ្តិត : ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត ។
ផ្ទះសំបែង : សំបែង​អាត់ គឺ​សម្បត្តិ​ឯង ។

ក្រុមអក្សរ ព

ពោះពង់ : មានផ្ទៃពោះ មានគភ៌ < ពង់មូលធ្លោះ គឺពោះមូលថ្លុង ។

ក្រុមអក្សរ ភ

ភ្លើតភ្លើន : ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត ។

ក្រុមអក្សរ ម

មនុស្សម្នា : ម្នាចាំការពុះ គឺមនុស្សចាំការពារ ឬម្នាជាបរិពុះ គឺមនុស្សជាបរិពារ ។
មមើមមាយ : មមាយនិយើ គឺមមើនិយាយ ឬមមាយរាយមើ គឺមមើរាយមាយ ។
ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់ ។

ក្រុមអក្សរ យ

យូរយា : យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា ។
យំយែក : យែកស្រុម គឺយំស្រែក ។

ក្រុមអក្សរ រ

រវើរវាយ : រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ ។
រួសរាយ : រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ ។

ក្រុមអក្សរ ល

លះលែង : លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ ឬលះគ្នាដោយដាច់សង្វែង គឺលែងគ្នាដោយដាច់សង្វាស ។
ល្អល្អាច់ : ល្អាច់ដ គឺល្អដាច់ ។

ក្រុមអក្សរ វ

វាងវៃ : វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង ។
វិសេសវិសាល : វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល ។
វត្តវ៉ា : វ៉ាលោកទាត់ គឺវត្តលោកតា។

ក្រុមអក្សរ ស

សងសឹក : សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក ។
សមសួន : សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ ។
សម្លសម្លុក : សម្លុកបង់ប្រហ គឺសម្លបង់ប្រហុក ។
ស្នេហ៍ស្នង : ស្នងនៃមាសបែ គឺស្នេហ៍នៃមាសបង ។
ស្បថស្បែ : ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ ។
ស្លេកស្លាំ : ស្លេកប៉ាំង គឺស្លាំងពេក ។

ក្រុមអក្សរ ហ

ហួងហែង : ហែងសម្បត្តិទុកសម្រាប់ខ្លួនអួង គឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង ។

ក្រុមអក្សរ ឡ

ឡូឡា : ឡាដោយអានាចូរ គឺឡូដោយអានាចារ ។

ក្រុមអក្សរ អ

អានាចារ : ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់ ។
អាចារ្យអាចុំ : អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ ។

ឯកសារយោង

ស៊ីសុវត្ថិ, ប៉ូរក្ខស៊ី. (១៩៧២). បរិវាសព្ទក្នុងភាសាខ្មែរ.