ប្រវត្ដិឧបករណ៍ភ្លេង “ ពិណ”
ដោយ ៖ សាម៉ន
ថ្ងៃ អង្គារ ទី ១ ខែ មិថុនា ឆ្នាំ ២០១០
ភាសាខ្មែរហៅថា ពិណ ក្លាយមកពីភាសាសំស្ក្រឹត និងបាលីថា វីណា ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណ កោង ពិណកែង និងពិណស្នូក ។ ឧបករណ៍នេះប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀតសំរាប់ប្រគំជូនការ រាំច្រៀងថ្វាយអាទិទេពក្នុងព្រហ្មញសាសនា ។
ដោយឧបករណ៍ពិណ ស្ថិតស្ថេរក្នុងព្រហ្មញ្ញសាសនាប្រើប្រាស់សំរាប់បូជាថ្វាយអាទិទេព មានព្រះព្រហ្ម ព្រះឥសូរ និងព្រះនារាយណ៍ ជាដើមមានគន្ធពជាប្រុសអ្នកភ្លេងដេញពិណ និងច្រៀង ឯស្រីទេពអប្សរជាស្រីរបាំ ទើបអាចសន្និដ្ឋានបានថា ឧបករណ៍ពិណនេះឆ្លងមកពីប្រទេសក្លឹង្គ តាំងពីសម័យដែលក្លឹង្គបានមករស់នៅជាមួយខ្មែរ តាំងពីសតវត្សសូន្យនៃគ្រិស្ដសករាជ ដោយនាំមកជាមួយនូវអារ្យធម៌ច្រើនបែបច្រើនយ៉ាង មានសាសនា មានអក្សរសាស្ដ្រ មានភាសា មានសិល្បៈ។ល។
អ្នកស្រីបណ្ឌិតពៅ សាវរស ជាអ្នកប្រាជ្ញខាងអក្សរសាស្ដ្រខ្មែរបានមានប្រសាសន៍ក្នុងបឋកថា មួយជាមួយសាស្ដ្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុង ខែកុម្ភៈ ឆ្នាំ១៩៩៤ ថា “តាមសិលាចារិកខ្មែរ ចេះធ្វើគ្រឿងភ្លេងតាំងពីសតវត្សទី៦ គឺចេះធ្វើពិណ ចាប៉ី និងស្គរគ្រប់បែប” ។
ឧបករណ៍ដ៏ចាំបាច់នេះបានត្រូវលើកយកទៅឆ្លាក់លើ ជញ្ជាំងប្រាសាទនានាដូចជា នៅលើក្បាច់ផ្ដែរនារចនាបថសម្បូរព្រៃគុក កំពង់ធំ សតវត្សទី៧ ជាពិណស្នូក លើជញ្ជាំងប្រាសាទបាយ័ន សតវត្សទី៩ ជាពិណកោង ប្រើប្រាស់ជាមួយនឹងការរាំច្រៀងច្រើនកន្លែងច្រើនធុន ដូចជាពិណមានខ្សែ២១ ពិណមាន ខ្សែ១៨ ពិណមានខ្សែ១៤ ពិណមានខ្សែ ១២ និងពិណមានខ្សែ៨ នៅលើជញ្ជាំងប្រាសាទ អង្គរវត្ដ ជាពិណកែងមានខ្សែ១១ ។
ពិណទាំងអស់នេះត្រូវបានបញ្ចប់តួនាទីរបស់ខ្លួន ពីក្នុងសង្គមខ្មែរ តាំងពីអរិយធម៌ អង្គរត្រូវបានរលាយ ព្រហ្មញសាសនាត្រូវបានរលត់មុនឆ្នាំ១៤៣១ ជាឆ្នាំដែលខ្មែរស្លាប់ស្ទើរអស់ នៅសល់តែ៩០.០០០នាក់ ត្រូវ សៀមកៀរយកទៅលត់ដំធ្វើបាបថែមទៀត ។ ឧបករណ៍ពិណនេះបានផ្ទេរឈ្មោះរបស់ខ្លួនរហូតដល់សព្វថ្ងៃឱ្យទៅជា វង់ភ្លេងមួយហៅថា វង់ភ្លេងពិណពាទ្យ គឺជាវង់ភ្លេងដែលមានឧបករណ៍ពិណដឹកមុខកាលពីសម័យបុរាណ ៕ (រៀបរៀងចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រី្ត)
Source: Kohsantepheapdaily http://kohsantepheapdaily.com.kh/article/20100531-201924.html
Leave a Reply