គម្ពីរព្រះត្រៃ​បិដក Tipitaka (Pali) or Tripitaka (Sanskrit) ឬ​ គម្ពីរ​ភាសាបាលី គឺ​ជា​ការ​បណ្តុំ​នៃ​​​​អត្ថបទ​ជា​​ភាសា​បាលី​​អំពីមូល​ដ្ឋានគ្រឹះ​នៃ​លទ្ធិ ​​ព្រះ​ពុទ្ធសាសនា​និកាយ​ថេរវាទ។ ​គម្ពីរ​​នេះ​ត្រូវ​បាន​គេ​​​ចែក​​ចេញ​ជា​បីគឺ៖

១.​ ព្រះវិន័យ​បិដក

បណ្តុំ ​នូវ​អត្ថបទ​ដែល​ទាក់ទង​នឹង​វិន័យ​សម្រាប់​គ្រប់​គ្រង​ការ​ប្រព្រឹត្ត​ កិច្ចការប្រចាំ​ថ្ងៃ​របស់​ព្រះសង្ឃ-សហគមន៍​ភិក្ខុ ឬ​ ភិក្ខុនី។ បន្ថែម​លើស​ពី​បញ្ជី​នៃ​វិន័យទាំង​ឡាយ​, វិន័យ​បិដក​ក៏​រួម​បញ្ចូល​នូវ​រឿង​ទាំងឡាយ​​ដែល​ទាក់​ទង​នឹង​វិន័យ​នី​មួយៗ, ដោ​យ​បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​របស់​ព្រះ​ពុទ្ធ​ជាម្ចាស់​ចំពោះ​សំណួរ​ដែល​ ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​រក្សា​នូវ​ភាព​សុខដុម​រមនា​នៃ​ការ​រស់​នៅ ​ជាមួយ​គ្នា​នៅ​ក្នុង​សហគមន៍​​សាសនា​ដ៏​ធំ និង​លាយឡំគ្នា។

២. ព្រះសុត្តន្តបិដក

​ បណ្តុំ​នៃ​ព្រះ​សូត្រ​​ ឬ​សេចក្តី​អធិប្បាយ​របស់​ព្រះ​ពុទ្ធ និង​របស់​សាវ័ក​ជំនិត​របស់​ព្រះ​អង្គ​ពីរ បី​អង្គ​ទៀត​, ដែល​ផ្ទុក​នូវ​រាល់​ទ្រឹស្តី​នៃ​ការ​បង្រៀន​សំខាន់ៗ​នៅ​ក្នុង​ព្រះ​ ពុទ្ធសាសនា​និកាយថេរវាទ។

៣. ព្រះអភិធម្មបិដក

​ បណ្តុំ​នៃ​អត្ថបទ​ដែល​និយាយ​អំពី​គោល​ការណ៍​នៃ​លទ្ធិ​ពុទ្ធសាសនា​​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​ព្រះ​សុត្តន្តបិដក​ ដោយត្រូវ​បាន​គេ​សរសេរ​ និង​ចងក្រង​ឡើងវិញ​ជា​គម្រោងការ​ដែល​មាន​លក្ខណៈជា​ប្រព័ន្ធ​​ ដែល​អាច​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​​នៅ​ក្នុង​ការ​សិក្សា​អំពី​ធម្មជាតិ​នៃ ​រូប និង​ចិត្ត។

ព្រះ​ត្រៃ​បិដក​ខ្មែរ

យោង​ តាម​កំណត់​ហេតុ​របស់​ក្រុម​ជំនុំព្រះត្រៃបិដក​​ខ្មែរ, ព្រះត្រៃ​បិដក​ខ្មែរ​ត្រូ​វបាន​​​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ភាសា​បាលី និង​បកជាសម្រាយភាសា​ខ្មែរ​ដោយ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខ្មែរ​​​ដែល​បាន​ ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​ងារ​នេះ​នៅ​ថ្ងៃ​ទី​៣ កើត ខែបុស្ស ឆ្នាំ​មមី​​ទោស័ក ពុទ្ធសករាជ​២៤៧២ ត្រូវ​នឹង​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​១៩៣០។ សម្រាប់​ព័ត៌មាន​លំអិត​សូម​អាន​កំណត់​ត្រា​របស់​ក្រុម​ជំនុំ​ព្រះត្រៃ​បិដក​​នៅ​ទំព័រ​ដើម​នៃ​វិន័យបិដកភាគ​ទី១ (Ti.vol.1)។

ព្រះ​ត្រៃ​បិដក​ខ្មែរ​មាន​ ១១០ក្បាល ដោយ​ចែក​ចេញ​ជា​៖

  1. ព្រះវិន័យបិដក​មាន​ ១៣​ក្បាល​ គឺ​ចាប់​ពីភាគ​ទី​១ ដល់​ភាគ​ទី​១៣
  2. ព្រះសុត្តន្តបិដក​មាន​ ៦៤ក្បាល គឺ​ចាប់​ពីភាគ​ទី​១៤ ដល់​ភាគ​ទី៧៧
  3. ព្រះអភិធម្ម​មាន​ ៣៣​ក្បាល​ គឺ​ចាប់​ពី​ភាគទី​៧៨ ដល់​ភាគ​ទី១១០

សរុបមក​ ព្រះ​ត្រៃ​បិដក​ខ្មែ​រមាន​ ១១០​ក្បាល​ ដែល​ត្រូវ​ជា ៣៦៦៣០ទំព័រ​ជា​ភាសា​បាលី និង​ ៣៦៦៣០​​ទំព័រ​ជា​ភាសា​ខ្មែរ។

សូម ​ទាញ​យក​អត្ថបទគម្ពីរ​ព្រះ​ត្រៃ​បិដក ដើម្បី​សិក្សា ឈ្វេង​យល់​ពី​ព្រះ​ពុទ្ធសាសនា និង​ការ​ប្រតិបត្តិ​សម្រាប់​ជីវិត​ទាំងនៅ​ក្នុង​ជា​តិនេះ​ និង​​ជាតិ​ក្រោយ​ ដោយ​អនុមោទនា!

ពីខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ

ប៉ា​ ច័ន្ទរឿន

 

 

 

  • Share/Bookmark